ឥណ្ឌាប្រកាសបិទទ្វារទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩
នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi បានប្រកាសថា ឥណ្ឌានឹងបិទទ្វាររយៈពេល ៣សប្តាហ៍ នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស COVID-19។ ដោយលោកបាននិយាយថា៖«អ្នកជំនាញផ្នែកសុខភាពនិយាយថា រយៈពេលយ៉ាងហោចណាស់ ២១ថ្ងៃ គឺមានសារៈសំខាន់បំផុត ដើម្បីបំបែកវដ្តនៃការឆ្លងវីរុសនេះ»។ លោក Narendra Modi បានបន្ថែមថា ការបិទទ្វារពេលនេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីជួយសង្គ្រោះប្រជាជនចំនួន ១.៣ ពាន់លាននាក់របស់ប្រទេស។

គួរឱ្យដឹងដែរថា ប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ នៅលើពិភពលោកនេះ មានករណីជាង ៥០០ ត្រូវបានបញ្ជាក់។ ទន្ទឹមនឹងនេះដែរការធ្វើដំណើរតាមរថភ្លើង ការធ្វើដំណើរតាមរថយន្ដក្រុងចម្ងាយឆ្ងាយ និងការមកដល់របស់ជើងហោះហើរអន្តរជាតិ សុទ្ធតែត្រូវបានផ្អាកទាំងអស់។ ការប្រកាសនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីអង្គការសុខភាពពិភពលោកបានព្រមានប្រទេសឥណ្ឌា ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងវីរុសនេះ៕




អត្ថបទ៖ លីដា