អន្តរជាតិ

បុរសម្នាក់មកពីខេត្តយូណាន ប្រទេសចិន បានស្លាប់នៅពេលជិះឡានក្រុងទៅធ្វើការ ក្រោយមកតេស្ដឃើញវិជ្ជមានវីរុសមួយផ្សេងទៀត (Hantavirus) ដែលឆ្លងពីកណ្តុរមកមនុស្ស

BY
autoadmin
March 25, 2020

អ្នកដំណើរម្នាក់បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងប្រទេសចិន ហើយក្រោយមកបានធ្វើតេស្តវិជ្ជមានជាមួយវីរុស Hanta (hantavirus) ដែលជាវីរុសខុសគ្នាទាំងស្រុងពី COVID-19 ប៉ុន្តែសាហាវជាង និងមានរោគសញ្ញាស្រដៀងគ្នា។ កាសែត Global Times បានប្រកាសនៅក្នុងបណ្ដាញ Twitter កាលពីថ្ងៃចន្ទថា ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណមួយនោះ មកពីខេត្តយូណាន បានស្លាប់ខណៈដែលកំពុងធ្វើដំណើរតាមរថយន្តទៅកន្លែងធ្វើការនៅក្នុងខេត្តសានដុង។

តាមប្រភពបានឱ្យដឹងថា គាត់ត្រូវបានគេធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស Hanta ហើយមនុស្ស ៣២នាក់ ផ្សេងទៀតដែលជិះលើរថយន្តក្រុងក៏ត្រូវបានគេធ្វើតេស្ដផងដែរ។ ការពិតទៅ Hanta មិនមែនជាវីរុសថ្មីនោះទេ វាមានយូរមកតាំងពីឆ្នាំ១៩៥០ ជំនាន់សង្គ្រាមអាមេរិក-កូរ៉េ នៅទន្លេ Hantan របស់កូរ៉េខាងត្បូងសព្វថ្ងៃ។ ថ្វីបើវាមានរោគសញ្ញាដូច COVID-19 ប៉ុន្តែវាអាចសម្លាប់ ៣៨% នៃជនរងគ្រោះដែលបានឆ្លង។

យោងទៅតាម CDC អាមេរិកបានឱ្យដឹងថា ការឆ្លងពីមនុស្សទៅមនុស្សគឺកម្រណាស់សម្រាប់វីរុសនេះ ហើយវារីករាលដាលជាលទ្ធផលនៃទំនាក់ទំនងជិតស្និទ្ធជាមួយទឹកនោម លាមក ឬទឹកមាត់កណ្តុរ។ រោគសញ្ញារបស់វីរុស Hanta គឺស្រដៀងនឹងជំងឺ COVID-19 ដោយដំបូងអ្នកឆ្លងមានអារម្មណ៍ក្តៅខ្លួន ឈឺសាច់ដុំធ្ងន់ធ្ងរ និងអស់កម្លាំង។ បន្ទាប់ពីពីរបីថ្ងៃរោគសញ្ញានេះរួមមានឈឺក្បាល ចង្អោរ ក្ដៅញាក់ រាគ ក្អួត វិលមុខ និងឈឺក្រពះ។ រោគសញ្ញាខុសគ្នាតែមួយគត់រវាង Hanta និង COVID-19 គឺវាមិនគ្រុនផ្តាសាយ (ហៀរសំបោរ/ក្អក)៕

អត្ថបទ៖ លីដា
ប្រភព៖ Dailymail

Share This Post: