អន្តរជាតិ

អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានអះអាងថា ពលរដ្ឋខ្លួនដែលស្លាប់ដោយសារជំងឺកូវីដ ១៩ ភាគច្រើនទទួលការព្យាបាលយឺតពេល

BY
autoadmin
March 27, 2020

ម៉ាឡេស៊ី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានប្រាប់អ្នកសារព័ត៌មានថា​ ភាគច្រើននៃជនរងគ្រោះដែលស្លាប់ដោយមេរោគកូវីដ ១៩ គឺព្រោះតែពួកគាត់មកទទួលយកការព្យាបាលយឺតពេល។ បើតាមលោក Datuk Dr Noor Hisham Abdullah ប្រធានអាជ្ញាធរសុខាភិបាលម៉ាឡេស៊ីបានពន្យល់ថា គេបានបែងចែកការឆ្លងមេរោគកូវីដ ១៩ ជាបីដំណាក់កាល គឺដំណាក់កាលទី ១ ជនរងគ្រោះវិជ្ជមានជាមួយនឹងមេរោគហើយតែមិនទាន់ចេញរោគសញ្ញានោះទេ។ ដំណាក់កាលទី ២ គឺជនរងគ្រោះចេញរោគសញ្ញាមួយចំនួនដែលបង្ហាញថាគាត់បានឆ្លងមេរោគ។ ចំណែកឯដំណាក់កាលទី ៣ គឺជាពេលដែលជនរងគ្រោះបានកើតមានបញ្ហាសួត ឬប្រព័ន្ធដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគនៅក្នុងខ្លួន។

លោក Datuk Dr Noor Hisham Abdullah

លោក Datuk Dr Noor Hisham Abdullah បានបន្តថា ភាគច្រើននៃជនរងគ្រោះដែលបានស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីគឺដោយសារតែពួកគាត់បានមកមន្ទីរពេទ្យក្នុងអំឡុងពេលដែលពួកគាត់ស្ថិតនៅក្នុងដំណាក់កាលទី ៣ នៃការឆ្លងមេរោគទៅហើយ ទើបខាងគ្រូពេទ្យមិនអាចជួយព្យាបាលពួកគាត់ឲ្យបានទាន់ពេលវេលានោះទេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះទៀតសោធគឺភាគច្រើនត្រូវបានគេកត់សម្គាល់ឃើញថា សុទ្ធតែជាមនុស្សមានអាយុលើសពី ៧០ ឆ្នាំ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះម៉ាឡេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ១ ៦២៤ ករណី និងស្លាប់ ១៦ ករណីផងដែរ៕

អត្ថបទ៖​ ភក្តី

Share This Post: