អន្តរជាតិ

អ្នកស្រាវជ្រាវនិយាយថា រកឃើញដានមេរោគកូវីដ ១៩ លើផ្ទៃក្នុងកាប៊ីននាវា Diamond Princess ទោះបីអ្នកដំណើរបានចាកចេញអស់១៧ថ្ងៃក្ដី

BY
autoadmin
March 25, 2020

អ្នកស្រាវជ្រាវបាននិយាយថា ដាននៃមេរោគ COVID-19 ត្រូវបានគេរកឃើញនៅលើផ្ទៃក្នុងកាប៊ីននាវា Diamond Princess ទោះបីជាអ្នកដំណើរដែលត្រូវបានគេធ្វើចត្តាឡីស័កនៅលើនោះ បានចាកចេញពីនាវារយៈពេលយ៉ាងយូររហូតដល់ទៅ ១៧ថ្ងៃហើយក្ដី។ បើតាមរបាយការណ៍ប្រចាំសប្តាហ៍ អំពីអត្រាជំងឺនិងអត្រាមរណភាព របស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺបាននិយាយថា ពួកគេបានមើលតាមបន្ទប់របស់អ្នកដែលបានឆ្លង ទាំងអ្នកមានចេញរោគសញ្ញា និងអ្នកដែលមិនមានរោគសញ្ញា ហើយជាលទ្ធផលពួកគេបានរកឃើញដានមេរោគ ប៉ុន្តែមិនអាចកំណត់ថាវាអាចឆ្លងបាននោះទេ។

នាវា Diamond Princess ធ្លាប់ត្រូវបានគេរកឃើញករណី COVID-19 ជាង ៧០០ករណី។ វាត្រូវបានទុកចោលមួយរយៈ នៅឯយូកូហាម៉ាប្រទេសជប៉ុន ហើយកាលនោះវាជាការផ្ទុះឡើងធំជាងគេនៅខាងក្រៅប្រទេសចិនដីគោក។ ការវិភាគមុនៗបានរកឃើញថា វីរុសនៅតែអាចរស់បានលើផ្លាស្ទិច និងដែកអ៊ីណុករហូតដល់ ៣ថ្ងៃ ទោះបីជាកម្រិតមេរោគធ្លាក់ចុះតាមពេលវេលាក៏ដោយ។ ប៉ុន្តែវាមិនអាចរស់លើស្ពាន់បានយូរនោះទេ ដោយពួកគេរកឃើញថា មេរោគរស់បានតែ ៤ម៉ោង ខណៈមេរោគលើក្រដាសកាតុងនៅបាន ២៤ម៉ោង។ ការវិភាគនេះក៏ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស New England Journal of Medicine ផងដែរ។

របាយការណ៍របស់ CDC ក៏បាននិយាយផងដែរថា អ្នកដំណើរនៅលើ Diamond Princess បានចម្លងវីរុសមុនពេលដែលនាវាត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក ប៉ុន្តែការឆ្លងក្នុងចំណោមក្រុមនាវិកបានកើនឡើងជាបន្តបន្ទាប់។ វាខុសពី Grand Princess ដែលយោងតាមការសិក្សាបានឱ្យដឹងថា សមាជិកនាវិកប្រហែលជាឆ្លងវីរុសពីការធ្វើដំណើរមុនៗ ហើយបន្ទាប់មកក៏ចម្លងវាទៅឱ្យអ្នកដំណើរក្រោយៗ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: