អន្តរជាតិ

អាណិតណាស់! បុគ្គលិកពេទ្យស្រី ជនជាតិអ៉ីតាលីម្នាក់ បានសម្លាប់ខ្លួនក្រោយតេស្ដវិជ្ជមានកូវីដ-១៩ ដោយខ្លាចថាខ្លួនបានចម្លងទៅអ្នកផ្សេងទៀត

BY
autoadmin
March 25, 2020

សហព័ន្ធថែទាំសុខភាពបានបង្ហើបឱ្យដឹងថា គិលានុបដ្ឋាយិកាជនជាតិអ៉ីតាលីម្នាក់បានសម្លាប់ខ្លួន បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 និងភ័យខ្លាចថានាងបានចម្លងដល់អ្នកដទៃ។ គិលានុបដ្ឋាយិកាម្នាក់នោះឈ្មោះថា Daniela Trezzi អាយុ ៣៤ឆ្នាំ កំពុងធ្វើការនៅជួរមុខឱ្យមន្ទីរពេទ្យមួយ ក្នុងទីក្រុង Lombardy ដែលជាតំបន់រងផលប៉ះពាល់ដ៏អាក្រក់បំផុតរបស់ប្រទេសអ៉ីតាលី។

សហព័ន្ធគិលានុប្បដ្ឋាកជាតិនៃប្រទេសអ៉ីតាលីបានបញ្ជាក់ពីមរណភាពរបស់នាង និងបានសម្តែងនូវអារម្មណ៍ឈឺចាប់ និងសង្វេគចិត្តនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញនេះ។ សហព័ន្ធបាននិយាយថា បុគ្គលិកពេទ្យជាច្រើនកំពុងទទួលរងនូវ «ភាពតានតឹងយ៉ាងខ្លាំង» ពីព្រោះពួកគេបារម្ភថា ពួកគេកំពុងចម្លងវីរុស ខណៈពេលកំពុងព្យាយាមគ្រប់គ្រងវិបត្តិ។

អ្នកចាត់ការទូទៅនៃមន្ទីរពេទ្យ San Gerardo លោក Mario Alparone បាននិយាយថា Daniela Trezzi នាងបានដេកឈឺនៅផ្ទះតាំងពីថ្ងៃទី១០ ខែមីនា ហើយថានាងមិនស្ថិតក្រោមការឃ្លាំមើលទេ។ ក្រុមថែទាំក៏បានបង្ហាញផងដែរថា មានរឿងស្រដៀងគ្នាមួយបានកើតឡើងកាលពីសប្តាហ៍មុន នៅឯទីក្រុង Venice ដោយមានហេតុផលដូចគ្នា។

វាបានកើតឡើងនៅពេលដែលចំនួនអ្នកស្លាប់របស់ប្រទេសបានកើនឡើងជាថ្មីម្តងទៀតកាលពីម្សិលមិញ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មី ៧៤៣នាក់ ក្នុងរយៈពេលមួយថ្ងៃ ដែលធ្វើឱ្យក្តីសង្ឃឹមរបស់បុគ្គលិកពេទ្យប្រែទៅរកភាពតានតឹងវិញ។ ទោះយ៉ាងណាចំនួនអ្នកឆ្លងសរុបបានកើនឡើងត្រឹមតែ ៨% ដែលជាកម្រិតទាបបំផុតចាប់តាំងពីប្រទេសអ៉ីតាលីបានចុះបញ្ជីការស្លាប់លើកដំបូងនៅថ្ងៃទី២១ ខែកុម្ភៈ។

អត្ថបទ៖ លីដា
ប្រភព៖ Dailymail

Share This Post: