អន្តរជាតិ

មេធាវីអាមេរិកម្នាក់ដាក់ពាក្យប្តឹងប្រទេសចិន ទារសំណង ២០ ទ្រីលានដុល្លារអាមេរិក ដោយចោទប្រកាន់ថា ចិនជាអ្នកបង្កើតវីរុស កូវីដ-១៩

BY
autoadmin
March 26, 2020

អាមេរិក៖ មេធាវីជនជាតិអាមេរិកលោក Larry Klayman បានដាក់ពាក្យបណ្តឹងទារសំណងចំនួន ២០ ទ្រីលានដុល្លារអាមេរិកពីប្រទេសចិនចំពោះការបង្កើតវីរុស COVID-19 ដែលបានកំពុងឆ្លងដល់មនុស្សច្រើនជាង ៣៣៤,០០០នាក់ នៅទូទាំងពិភពលោក នេះបើយោងតាមការចុះផ្សាយនៅលើសារព័ត៌មានឥណ្ឌា NDTV (New Delhi Television Limited) ។ លោក និងក្រុមតស៊ូមតិ Freedom Watch និងស្ទូឌីយោថតរូបនៅរដ្ឋតិចសាស់ Buzz Photos បានដាក់ពាក្យបណ្តឹងនេះ ទៅតុលាការក្នុងស្រុកមួយ នៅសង្កាត់ភាគខាងជើងនៃរដ្ឋតិចសាស់។

នៅក្នុងបណ្ដឹងនោះបានចោទប្រកាន់ថា វីរុសនេះត្រូវបានបង្កើតឡើងដោយប្រទេសចិន ដើម្បីជាអាវុធជីវសាស្ត្រនៃសង្គ្រាម។ ហើយទោះប្រទេសនេះមានបំណងលែងវា ឬអត់នោះ ចិនបានរំលោភច្បាប់របស់សហរដ្ឋអាមេរិក ច្បាប់អន្តរជាតិ សន្ធិសញ្ញា និងបទដ្ឋាននានា។ ក្នុងបណ្ដឹងនោះបានចោទប្រកាន់ថា គោលបំណងនៃការថែរក្សាវីរុសនៅក្នុងមន្ទីរពិសោធន៍ចិន គឺដើម្បីប្រើវា «សម្លាប់ពលរដ្ឋអាមេរិក និងមនុស្ស និងអង្គភាពនៅក្នុងប្រទេសដទៃទៀត ដែលគេយល់ថាជាសត្រូវរបស់ប្រទេសចិន»។

រំលឹកដែរថា វីរុស COVID-19 ត្រូវបានរកឃើញករណីដំបូងបង្អស់នៅទីក្រុងវូហាន ប្រទេសចិន ហើយបានរាលដាលដល់ ១៨៩ប្រទេស ឬដែនដី ដែលឆ្លងដល់មនុស្សជាង ៣៣៤,០០០នាក់ និងបានសម្លាប់មនុស្សជាង ១៤,៥០០នាក់ យោងតាមទិន្នន័យចុងក្រោយបង្អស់ ដែលមាននៅលើគេហទំព័ររបស់អង្គការសុខភាពពិភពលោក៕

អត្ថបទ៖ លីដា
ប្រភព៖ NDTV

Share This Post: