មន្ទីរពេទ្យនៅទីក្រុង New York កំពុងប្រើប្រាស់វីតាមីន C ដើម្បីជាផ្នែកមួយជំនួយដល់អ្នកឆ្លងវីរុសកូវីដ១៩
អន្តរជាតិ March 26, 2020 lyda

វេជ្ជបណ្ឌិតនៅញូវយ៉ក កំពុងផ្តល់ឱ្យអ្នកជំងឺ COVID-19 ដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ ប្រើប្រាស់វីតាមីន C ដោយសារថាវាជាវិធីសាស្ត្រមួយមានប្រសិទ្ធភាពនៅក្នុងប្រទេសចិន។ វេជ្ជបណ្ឌិត Andrew Weber អ្នកជំនាញខាងរោគសួតនិងអ្នកជំនាញផ្នែកថែទាំសុខភាពជាមួយ Northwell Health បានចែករំលែកថា គាត់បានផ្តល់វីតាមីន C ១,៥០០ មីលីក្រាម ទៅឱ្យអ្នកជំងឺធ្ងន់ធ្ងររបស់គាត់។ គាត់ក៏បាននិយាយប្រាប់ New York Post ថា អ្នកឆ្លងទាំងនោះត្រូវបានគាត់ឱ្យលេបវីតាមីន C មួយថ្ងៃពី ៣ ទៅ ៤ដង។

វេជ្ជបណ្ឌិត Andrew Weber បាននិយាយថា ការផ្តល់វីតាមីន C បែបពឹងផ្អែកលើការព្យាបាលពិសោធន៍ដែលបានអនុវត្តចំពោះអ្នកជំងឺនៅសៀងហៃប្រទេសចិន។ គាត់និយាយថា អ្នកជំងឺដែលបានទទួលវីតាមីន C មានភាពល្អប្រសើរជាងអ្នកដែលមិនបានទទួលវីតាមីន C ។ វារួមចំណែកក្នុងការជួយច្រើន ប៉ុន្តែវាមិនត្រូវបានគេរំលឹកព្រោះវាមិនមែនជាឱសថទេ។ លោក Jason Molinet អ្នកនាំពាក្យរបស់ Northwell ក៏បាននិយាយដែរថា វីតាមីន C កំពុងត្រូវបានគេប្រើយ៉ាងទូលំទូលាយសម្រាប់វីរុសកូរ៉ូណា។ តែទោះជាយ៉ាងណាក៏ដោយ គាត់បានកត់សម្គាល់ថា ចំនួនវីតាមីនដែលបានផ្តល់ឱ្យអ្នកជំងឺគឺខុសៗគ្នា។

គួរឱ្យដឹងដែរថា Northwell Health គឺជាអ្នកផ្តល់សេវាថែទាំសុខភាពធំជាងគេរបស់រដ្ឋ ដែលមានមន្ទីរពេទ្យចំនួន ២៣ នៅទូទាំងទីក្រុងញូវយ៉ក។ យោងទៅតាមលោក Jason Molinet មានអ្នកជំងឺប្រមាណ ៧០០នាក់ នៅតាមបណ្តាញរបស់មន្ទីរពេទ្យកំពុងទទួលការព្យាបាលវីរុស COVID-19 ។ ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនអាចបញ្ជាក់បានទេថា មានមនុស្សប៉ុន្មាននាក់បានទទួលការព្យាបាលដោយវីតាមីន C ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail