អន្តរជាតិ

អា​ហ្វ្រិក​ខាងត្បូងនឹងអនុវត្តការបិទទ្វារទូទាំងប្រទេសរយៈពេល ៣សប្ដាហ៍

BY
autoadmin
March 27, 2020

រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងនឹងអនុវត្តការបិទទ្វារទូទាំងប្រទេសរយៈពេល ៣សប្តាហ៍នៅ ចាប់ពីថ្ងៃសុក្រនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងវីរុស COVID-19។ ដូច្នេះមនុស្សទាំងអស់នឹងតម្រូវឱ្យស្នាក់នៅផ្ទះ ហើយករណីលើកលែងគឺសម្រាប់តែបុគ្គលិកពេទ្យ និងសន្តិសុខប៉ុណ្ណោះ។ ប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យទៅមន្ទីរពេទ្យ និងទិញទំនិញ ប្រសិនបើពួកគេមានការអនុញ្ញាត ខណៈជើងហោះហើរទាំងអស់នឹងត្រូវផ្អាក។

គួរឱ្យដឹងដែរថា អាហ្រ្វិកខាងត្បូងបានបញ្ជាក់ពីការឆ្លងវីរុស COVID-19 ជាង ៩០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ចាប់តាំងពីវាបានរាយការណ៍ករណីដំបូងរបស់ខ្លួននៅថ្ងៃទី០៥ ខែមីនា។ ក្រុមអ្នកវិភាគព្រមានថា ប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសនេះអាចងាយរងគ្រោះដោយសារវីរុស ដោយសារស្តង់ដារវេជ្ជសាស្ត្រនៅមន្ទីរពេទ្យមានកម្រិតទាបលើកលែងតែស្ថាប័នសម្រាប់ពួកអ្នកមាន។

ជាក់ស្ដែងមន្ទីរពេទ្យរដ្ឋមួយនៅភាគខាងជើងនៃ Limpopo គឺជាស្ថាប័នមួយក្នុងចំណោមស្ថាប័នដែលមិនមានឧបករណ៍គ្រប់គ្រាន់។ មន្រ្តីមន្ទីរសុខាភិបាលនិយាយថា បុគ្គលិកនៅមន្ទីរពេទ្យមិនដែលឃើញម៉ាស៊ីនជំនួយដង្ហើម ventilator ទេ កុំទៅនិយាយដល់ការរៀនប្រើប្រាស់ឧបករណ៍។ ម៉្យាងទៀតជាង ២០% នៃចំនួនប្រជាជនពេញវ័យនៅអាហ្វ្រិកខាងត្បូងបានឆ្លងមេរោគអេដស៍ ដែលបំផ្លាញប្រព័ន្ធភាពស៊ាំរបស់ពួកគេ។ ដូច្នេះប្រជាជនមានការព្រួយបារម្ភកាន់តែខ្លាំងថា ពួកគេកាន់តែមានហានិភ័យ ព្រោះតាមរបាយការណ៍និយាយថា អ្នកមានជំងឺអេដស៍ គឺងាយនឹងឆ្លងវីរុស COVID-19 នេះណាស់៕

អត្ថបទ៖ លីដា

Share This Post: