រដ្ឋមន្ត្រីសុខាភិបាលថៃចេញមុខសុំទោសម្ដងទៀត ចំពោះការនិយាយថាបុគ្គលិកពេទ្យឆ្លងវីរុសកូវីដ១៩ ដោយសារធ្វើការមិនប្រយ័ត្ន ហើយគួរតែវាយប្រដៅ
អន្តរជាតិ March 27, 2020 lyda

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានសុំអភ័យទោសនៅយប់ថ្ងៃព្រហស្បតិ៍នេះ ចំពោះការនិយាយថាបុគ្គលិកពេទ្យដែលឆ្លងវីរុស COVID-19 ធ្វើការ “ធ្វេសប្រហែស” និងគំរាមថានឹងវាយពួកគេជាការដាក់ទណ្ឌកម្ម។ ការសុំទោសរបស់លោក Anutin Charnvirakul បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីគាត់បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញថា បុគ្គលិកពេទ្យដែលឆ្លងមេរោគមិនបានថែរក្សាខ្លួនឱ្យបានត្រឹមត្រូវដើម្បីប្រឆាំងនឹងមេរោគ ហើយការលើកឡើងរបស់គាត់បង្កឱ្យមានការខឹងសម្បារពីសហគមន៍វេជ្ជសាស្ត្ររបស់ថៃ ដែលកំពុងតែមានធនធានមិនគ្រប់គ្រាន់ស្រាប់។

មូលហេតុគឺដោយសារនៅពេលគេសួរអំពីវិធានការ ដើម្បីការពារការឆ្លងក្នុងចំណោមអ្នកជំនាញវេជ្ជសាស្រ្ត បន្ទាប់ពីមានរបាយការណ៍ថាមានការឆ្លងក្នុងចំណោមបុគ្គលិកពេទ្យលោក Anutin Charnvirakul បានថ្លែងថា៖«ដូចខ្ញុំធ្លាប់បានសង្ខេបរួចមកហើយ មិនមានគ្រូពេទ្យណាឆ្លងមេរោគទេ ខណៈពេលដែលពួកគេកំពុងព្យាបាលអ្នកជំងឺ COVID-19។ នេះជាមូលហេតុដែលយើងត្រូវវាយពួកគេ។ យើងមិនសប្បាយចិត្តនឹងបុគ្គលិកពេទ្យទាំងនោះ ដែលមិនយកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះខ្លួនឯង។ ពួកគេសមតែជាគំរូល្អ»។

លោកបានបន្តថា៖«បុគ្គលិកពេទ្យដែលឆ្លងវីរុស ត្រូវបានគេប្រាប់ឱ្យនៅដោយឡែកពីគ្នា។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេបានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរទេ ហើយខ្ញុំសូមជូនពរឱ្យពួកគេឆាប់ជាសះស្បើយ។ នេះជាអ្វីដែលយើងត្រូវដឹងផងដែរ។ យើងរវល់មើលអ្វីនៅខាងក្រៅផ្ទះរបស់យើង ប៉ុន្តែផ្នែកខាងក្នុងនៅតែមានភាពធូររលុងដដែល»។

គួរឱ្យដឹងដែរថា រហូតមកទល់ពេលនេះអ្នកជំនាញថែទាំសុខភាពចំនួន ៩នាក់ បានធ្វើតេស្តវិជ្ជមាននៅថ្ងៃព្រហស្បតិ៍នេះ។ មន្ទីរពេទ្យ Bannangsta នៅខេត្ត Yala ភាគខាងត្បូងត្រូវបិទទ្វារកាលពីម្សិលមិញ បន្ទាប់ពីបុគ្គលិកពេទ្យ ៣នាក់ នៅទីនោះឆ្លងវីរុស COVID-19 នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Khaosod English