អន្តរជាតិ

ប្រទេសអេស្ប៉ាញផ្ញើឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ត្រលប់ទៅកាន់ប្រទេសចិនវិញ ក្រោយបង្ហាញលទ្ធផលមិនប្រក្រតី

BY
autoadmin
March 29, 2020

អេស្ប៉ាញ៖ រដ្ឋាភិបាលនៃប្រទេសអេស្ប៉ាញបានសម្រេចផ្ញើឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ជាច្រើនសម្រាប់ទៅកាន់ប្រទេសចិនវិញ ក្រោយក្រសួងសុខាភិបាលអេស្ប៉ាញអះអាង ឧបករណ៍មួយចំនួនប្រើការមិនបានឡើយពោលគឺពួកវាបានបង្ហាញលទ្ធផលខុសប្រក្រតី។ គួររម្លឹកជូនថា កន្លងមកនេះរដ្ឋាភិបាលអេស្ប៉ាញបានបញ្ជាទិញបំពងខ្យល់ចំនួន ៩៥០ ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩ ចំនួន ៥,៥ លានសម្រាប់ ស្រោមដៃចំនួន ១១លានគូ និងម៉ាស់ចំនួនកន្លះពាន់លានម៉ាស់ ពីក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា Shenzhen Bioeasy ហើយសម្ភារៈទាំងអស់នោះមានតម្លៃសរុបចំនួន ៤៦៧ លានដុល្លារអាម៉េរិក។

យ៉ាងណាក្តី ក្រោយពេលផ្ញើឥវ៉ាន់ទៅដល់ទឹកដីអេស្ប៉ាញហើយ ស្រាប់តែក្រសួងសុខាភិបាលអេស្ប៉ាញបានរកឃើញថា ឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩មួយចំនួនប្រើការមិនទាន់បានទាល់តែសោះ ដោយពួកវាតែងបង្ហាញលទ្ធផលខុសប្រក្រតីជានិច្ច។

ជុំវិញបញ្ហានេះតំណាងរបស់ក្រុមហ៊ុនចិនបានចេញមកបញ្ជាក់ថា បញ្ហានេះទំនងជាកើតឡើង ព្រោះតែខាងបុគ្គលិកវេជ្ជសាស្រ្តនៅក្នុងប្រទេសអេស្ប៉ាញមិនបានប្រើប្រាស់ឧបករណ៍ឲ្យបានត្រឹមត្រូ​វ ១០០% តាមការណែនាំ ដ្បិតឧបករណ៍ទាំងនោះសុទ្ធតែជាសម្ភារៈទើបច្នៃបង្កើតថ្មីៗតាមស្ថានភាពជាក់ស្ដែង មានច្រើនប្រភេទ និងមានការប្រើប្រាស់ខុសៗគ្នាផងដែរ។

ដើម្បីបញ្ចប់បញ្ហាចម្រូងចម្រាស់នេះភាគីចិន និងអេស្ប៉ាញបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌសមស្របមួយគឺ ខាងអេស្ប៉ាញត្រូវផ្ញើតែឧបករណ៍ណា ដែលខូចប្រើមិនកើតទៅចិនវិញ ហើយចិននឹងប្តូរឧបរកណ៍ថ្មីឲ្យតាមចំនួនជាក់ស្តែង ហើយសម្រាប់ឧបករណ៍ ដែលនៅសល់ស្រាប់ក្នុងប្រទេសអេស្ប៉ាយនោះ ខាងភាគីចិននឹងបញ្ជូនអ្នកជំនាញទៅជួយធ្វើការណែនាំបន្ថែម។ សូមបញ្ជាក់ផងដែរថា គិតមកទល់នឹងពេលនេះអេស្ប៉ាញមានចំនួនអ្នកឆ្លងមេរោគកូវីដ ១៩សរុបចំនួន ៦៥ ៧១៩ និងស្លាប់ចំនួន  ៥ ១៣៨ ករណីផងដែរ៕

លោក Salvador Illa រដ្ឋមន្ត្រីក្រសួងសុខាភិបាលអេស្ប៉ាញ

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

Share This Post: