ក្រាលក្ដារឈើនៅតាមឫសឈើ ក្នុងបរិវេណប្រាសាទតាព្រហ្ម ជួយការពារទាំងភ្ញៀវទេសចរ ការពារទាំងដើមឈើ
- April 24, 2018
បន្ទាប់ពីក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បាននឹងកំពុងរៀបចំជួសជុល និងក្រាលក្ដារឈើតាមឫសឈើធំៗក្នុងបរិវេណប្រាសាទតាព្រហ្មនោះ លោក តឹក តែម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាអង់គ្លេស បានបង្ហាញនូវការគាំទ្រ និងសាទរចំពោះគម្រោងការនេះ ដោយពួកគេយល់ថា នេះជាការយកចិត្តទុកដាក់ដល់ដើមឈើដែលមានវ័យចំណាស់ៗ លើកសោភ័ណភាពប្រាសាទ ក៏ដូចជាយកចិត្តទុកដាក់ក្នុងការការពារគ្រោះថ្នាក់ដល់ភ្ញៀវជាយថាហេតុផងដែរ ។
លោក ទៀ គីយូ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានឱ្យដឹងថា ឫសឈើទាំងនោះអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវដែលមានវ័យចំណាស់ គឺអាចឱ្យពួកគាត់ជំពប់ជើងជាដើម ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ហើយគម្រោងនេះនឹងជួយការពារដល់ដើមឈើ ដែលមានវ័យចំណាស់នៅក្នុងប្រាសាទតាព្រហ្មផងដែរ ព្រោះថាដើមឈើទាំងនោះអាចនឹងស្លាប់បាន តាមរយៈការដើរជាន់ពីសំណាក់ភ្ញៀវទេសចរដែលមានចំនួនច្រើនរយនាក់ក្នុងមួយថ្ងៃៗ ។
លោក ទៀ គីយូ បានឲ្យដឹងទៀតថា គេដឹងហើយថា ដើមឈើធំៗ និងឫសធំៗ ដែលមានវ័យចំណាស់នៅប្រាសាទតាព្រហ្ម គឺជាផ្នែកមួយដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលភ្ញៀវទេសចរតែងតែផ្តិតយកទិដ្ឋភាពទាំងនោះ នៅពេលបានមកដល់ប្រាសាទម្តងៗ ហើយជាមួយនឹងកំណើនទេសចរជាច្រើនមកដល់ប្រាសាទតាព្រហ្ម វាក៏បានបង្កហានិភ័យផងដែរ នៅពេលដែលភ្ញៀវទេសចរបានដើរជាន់ឫសឈើនៅក្រោមដីដោយមិនដឹងខ្លួន ដែលវានឹងបង្អាក់ដំណើរលូតលាស់របស់ដើមឈើទាំងនោះ។
លោក យិន សូវ៉ាត អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ បរិស្ថាន និងទេសភាពវប្បធម៌ ដែលកំពុងដឹកនាំក្រុមការងាររៀបចំកម្រាលក្ដារនៅប្រាសាទតាព្រហ្ម បានថ្លែងនាពេលកន្លងទៅថា គោលបំណងនៃការរៀបចំនេះ គឺដើម្បីបង្កើនការលូតលាស់របស់ដើមឈើ និងថែរក្សាបរិស្ថានជុំវិញឱ្យបានល្អប្រសើរឡើងវិញ ខណៈ ទីតាំងឬសឈើចំនួន៦កន្លែង ដែលគ្រោងក្រាលក្ដារ និងនៅតាមវង់ទស្សនាប្រវែងជាង៤០០ម៉ែត្របន្ថែមទៀត ហើយឈើដែលយកមកក្រាលនេះជាប្រភេទឈើគគីរ ដែលតាមការប៉ាន់ស្មានអាចមានប្រហែល៧០ម៉ែត្រគីប ដែលវាអាចរក្សាគុណភាពបានពី៦ ទៅ៧ឆ្នាំ ហើយឈើនេះជាជំនួយឧបត្ថម្ភដោយភាគីឥណ្ឌា ដែលកំពុងដំណើរការជួសជុលប្រាសាទតាព្រហ្ម ចំណែកអាជ្ញាធរជាតិអប្សរា ចេញផ្នែកកម្លាំងពលកម្ម ដែលប្រើប្រាស់កម្មករចំនួន ១២នាក់ ៕
អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អារីហ្វីន
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប
- Share This Post:









