អន្តរជាតិ

កម្មករទុយនីស៊ី ១៥០នាក់ សុខចិត្តស្នាក់នៅដោយឡែកក្នុងរោងចក្រមិនបានជួបគ្រួសារ ព្រោះចង់នៅផលិតម៉ាស់ឱ្យបានគ្រប់គ្រាន់សម្រាប់ប្រទេស

BY
autoadmin
March 28, 2020

កម្មករនៅឯរោងចក្រមួយក្នុងប្រទេសទុយនីស៊ី កំពុងផលិតម៉ាស់ចំនួន ៥០,០០០ រៀងរាល់ថ្ងៃ និងឧបករណ៍ការពារវេជ្ជសាស្ត្រផ្សេងៗទៀត បន្ទាប់ពីបានជ្រើសរើសនៅដាច់ដោយឡែកនៅកន្លែងធ្វើការរបស់ពួកគាត់ផ្ទាល់ ដោយមិនបានត្រឡប់ទៅផ្ទះនោះទេ។ កម្មករទាំង ១៥០នាក់ ដែលមានស្ត្រី ១១០នាក់ និងបុរស ៤០នាក់ បានជ្រើសយកការរស់នៅក្នុងរោងចក្រ CONSOMED ដែលពួកគាត់ធ្វើការ អស់រយៈពេល ១ខែ មកហើយ ដើម្បីបំពេញតម្រូវការការពារវេជ្ជសាស្ត្រ ខណៈប្រទេសនេះកំពុងទប់ទល់ហ្នឹងវីរុស COVID-19 ។

រោងចក្រ CONSOMED នេះជាធម្មតាបាននាំចេញនូវឧបករណ៍ការពាររបស់ខ្លួន ប៉ុន្តែពេលនេះនឹងផ្ដោតទៅលើការផ្គត់ផ្គង់ក្នុងស្រុកឱ្យបានគ្រប់គ្រាន់វិញ។ រោងចក្រនេះបើកធ្វើការពីម៉ោង ០៦ និង ៣០ព្រឹក ដល់ ២២ និង ៣០យប់ (ម៉ោងក្នុងស្រុក) ជារៀងរាល់ថ្ងៃ ដោយចែកជាពីរវេន ហើយក្រុមបុរសៗនឹងធ្វើការវេនរសៀលដល់យប់។ ក្រុមកម្មករបាននិយាយថា នៅរោងចក្ររបស់គាត់មានទីធ្លាធំទូលាយ មានកន្លែងលេងទាត់បាល់ និងបោះបាល់ផ្សេងៗ ដែលកម្មករនៅទីនោះមិនភ័យខ្លាចថា មិនមានកន្លែងហាត់ប្រាណនោះទេ។

ពួកគាត់បានជ្រើសយកការនៅក្នុងរោងចក្រនេះ គឺដោយសារថាពួកគាត់ចង់បន្តផលិតកម្ម ដើម្បីអាចមានឧបករណ៍ការពារវេជ្ជសាស្ត្រគ្រប់គ្រាន់សម្រាប់ពេទ្យ។ ព្រោះបើពួកគាត់មិនធ្វើការទេ តើបុគ្គលិកពេទ្យនិងគ្រូពេទ្យមានអ្វីសម្រាប់ការពារវីរុស ប្រឆាំងនឹងវីរុសនេះបាន? ពួកគាត់ពុងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព សម្រាប់ប្រទេសរបស់គាត់ សម្រាប់មន្ទីរពេទ្យ កងទ័ព សម្រាប់ប៉ូលីស និងសម្រាប់អ្នករាល់គ្នា៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: