ស្រទាប់អូហ្សូនកំពុងស្ដារខ្លួនឯងឡើងវិញ នេះក៏ព្រោះតែវីរុសកូរ៉ូណា ដែលធ្វើឱ្យមនុស្សបន្ថយការបំពុលមកលើផែនដី
អន្តរជាតិ March 28, 2020 lyda

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ស្រទាប់អូហ្សូនរបស់ផែនដីយើងកំពុងបន្តជួសជុលខ្លួនឯង ដោយការសិក្សាថ្មីមួយបានរកឃើញថា វាកំពុងដំណើរការជួលជុញការខូចខាតរបស់វាឡើងវិញ។ ស្រទាប់អូហ្សូន គឺជាម៉ូលេគុលអសរីរាង្គ ដែលមាននៅក្នុងស្រទាប់នៃផែនដី ហើយវាទទួលខុសត្រូវក្នុងការស្រូបយកកាំរស្មី UV របស់ព្រះអាទិត្យ ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស និងភពផែនដី។ នេះគឺជាដំណឹងល្អព្រោះវាមិនត្រឹមតែមានន័យថា យើងត្រូវបានការពារនោះទេ ប៉ុន្តែវាមានន័យថា យើងអាចគ្រប់គ្រងការខូចខាតមួយចំនួនដែលយើងបានបង្កឡើង។

តាមពិតអូហ្សូនបានធ្លាក់ចុះដល់កម្រិតគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យពិធីសារម៉ុងត្រេអាល់ (Montreal Protocol) ត្រូវបានបង្កើតឡើង។ វាជាកិច្ចព្រមព្រៀងមួយនៅឆ្នាំ១៩៨៧ ដែលបណ្តាប្រទេសនៅជុំវិញពិភពលោក បានដាក់ចេញវិធានការណ៍ដើម្បីបញ្ឈប់ការប្រើប្រាស់សារធាតុបំផ្លាញអូហ្សូន (ដែលគេស្គាល់ថាជា ODS)។

អ្នកដឹកនាំការស្រាវជ្រាវនៃការសិក្សាថ្មីៗនេះ គឺអ្នកស្រី Antara Banerjee ដែលជាសមាជិកក្រុម CIRES នៅសាកលវិទ្យាល័យ Colorado Boulder ដែលធ្វើការនៅផ្នែកវិទ្យាសាស្ត្រគីមីនៃរដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (NOAA) មានប្រសាសន៍ថា៖«ការសិក្សានេះបន្ថែមនូវភ័ស្តុតាងដែលបង្ហាញកាន់តែច្បាស់ពីប្រសិទ្ធភាពនៃពិធីសារម៉ុងត្រេអាល់ មិនត្រឹមតែសន្ធិសញ្ញានេះជំរុញការព្យាបាលស្រទាប់អូហ្សូនប៉ុណ្ណោះទេ វាថែមទាំងជំរុញឱ្យមានការផ្លាស់ប្តូរថ្មីនៃគំរូនៃចលនាខ្យល់នៅអឌ្ឍគោលខាងត្បូង»។

លោក John Fyfe អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋានបរិស្ថាននិងការប្រែប្រួលអាកាសធាតុកាណាដា និងជាសហអ្នកនិពន្ធម្នាក់បាននិយាយថា ប្រសិនបើអូហ្សូននៅខាងលើអឌ្ឍគោលខាងជើងបន្ដជួសជុលខ្លួនវាបែបនេះ វាគួរតែសះស្បើយឡើងវិញនៅពាក់កណ្តាលទសវត្សឆ្នាំ២០៣០ ហើយនឹងជាសះស្បើយទាំងស្រុងនៅឆ្នាំ២០៦០ ដូចដែលធ្លាប់ត្រូវបានរាយការណ៍ដោយ The Guardian ក្នុងឆ្នាំ២០១៨។

យ៉ាងណាក៏ដោយទោះបីជាស្រទាប់អូហ្សូនបង្ហាញពីភាពវិជ្ជមានរបស់វាគឺអស្ចារ្យ ក៏អ្នកវិទ្យាសាស្ត្រនៅតែខ្លាចថា ការបំភាយកាបូនឌីអុកស៊ីតដែលបង្កឡើងដោយមនុស្ស និងការផ្លាស់ប្តូរអាកាសធាតុ អាចធ្វើឱ្យការងារជួសជុលខ្លួនឯងរបស់អូហ្សូនមិនអាចចប់នោះទេ។ ជាមួយនឹងការបំពុលទាបជាងមុនពីបណ្តាប្រទេសនានាក្នុងកំឡុងពេលនៃការបិទទ្វារព្រោះតែ COVID-19 រួមទាំងប្រទេសចិន និងផ្នែកខ្លះនៃទ្វីបអ៉ីរ៉ុប វានៅតែត្រូវបានគេមើលឃើញថា តើឥទ្ធិពលរបស់វីរុសកូរ៉ូណានឹងបង្ហាញពីអ្វីខ្លះ៕

អត្ថបទ៖ លីដា
ប្រភព៖ Daily Mail