គេថា ស្រីៗដើរលេងចូលក្លឹបពេលយប់ ជាស្រីមិនល្អ តើពិតឬយ៉ាងណា?
ដោយសារតែសម័យកាលកាន់តែវិវត្តន៍ទៅមុខ គេសង្កេតឃើញយុវវ័យបច្ចុប្បន្ននិយមចូលចិត្តការរស់នៅបែបស៊ីវិល័យ ហើយការដើរលេងចូលក្លឹបនៅពេលរាត្រីក៏ជាការកំសាន្តមួយផងដែរ ប៉ុន្តែក៏មានការលើកឡើងផងដែរថា ការដើរលេងចូលក្លឹបនាពេលរាត្រីជាមនុស្សមិនល្អ ជាពិសេសស្រីៗតែម្តង។ តើនារីៗ ដែលដើរលេងចូលក្លឹបពិតជានារីមិនល្អមែនឬយ៉ាងណា? តោះឥលូវមកអានកិច្ចសំភាសន៍របស់ក្រុមការងារខ្មែរណូតពាក់ព័ន្ធនឹងប្រធានបទមួយនេះ៖
លោក សុធន អាយុ២៨ឆ្នាំ បានឲ្យដឹងថា នេះជាចំណងចំណូលចិត្ត និងសេរីភាពរបស់គេ ហើយលោកបានលើកឡើងថា ប្រសិនបើនារីៗគាត់ចូលក្លឹបរាត្រី ដើម្បីកំសាន្តសប្បាយ បំបាត់ស្ត្រេស គឺជារឿងមួយល្អ ប៉ុន្តែប្រសិនបើពួកគាត់ចូលក្លឹបលក្ខណៈផ្សេង ដូចជាសេពគ្រឿងញៀន វាគឺជាបញ្ហាចោទមួយ ដែលករណីនេះយើងពិបាកនឹងនិយាយ។ លោកបានបន្ថែមទៀតថា ការចូលក្លឹបកំសាន្តនេះ វាមិនប៉ះពាល់ដល់ការសិក្សា ឬការងារខ្លាំងណាស់នោះទេ ប្រសិនបើពួកគាត់ចូលក្នុងន័យកំសាន្ត បំបាត់ស្ត្រេស ហើយចូលយូរៗម្តង ប៉ុន្តែខ្លាចតែពួកគាត់ចូលញឹកញាប់ទេ ដែលវាពិបាកនឹងនិយាយដែរ។
ចំណែកកញ្ញាម្នាក់សុំមិនបញ្ចេញឈ្មោះ មានអាយុ២៤ឆ្នាំ បានឲ្យដឹងថា វាមិនអីនោះទេ ព្រោះវាគ្រាន់តែជាការដើរលេងកំសាន្តលក្ខណៈមិត្តភក្តិ ឬគ្រួសារ ប៉ុន្តែជាក់ស្តែងភាគច្រើនគាត់មិនសូវបានដើរលេងបែបនេះទេ ដោយសារគាត់រស់នៅជាមួយប៉ាម៉ាក់ ហើយពួកគាត់មិនសូវឲ្យដើរយប់នោះទេ។
រីឯអ៊ុំស្រីឈ្មោះ មុន្នី អាយុ៤៩ឆ្នាំ យល់ឃើញថា យុវតីដែលចូលក្លឹបកំសាន្ដរាត្រីមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ ពេលខ្លះពួកគេគ្រាន់តែចង់លំហែអារម្មណ៍ពីការសិក្សា និងការងារ ប៉ុន្ដែអ្នកខ្លះវិញគាត់គិតឃើញថា យុវតីខ្លះចូលក្លឹប ដើម្បីសេពគ្រឿងញៀនវាធ្វើអោយប៉ះពាល់ដល់ការរៀនសូត្រ និងសង្គម ដែលកំពុងតែស្អប់គ្រឿងញៀន ជាពិសេសគាត់លឺគេនិយាយថា ក្លឹបកំសាន្ដមួយចំនួនជាកន្លែងប្រើប្រាស់គ្រឿងញៀន។ គាត់មានកូនស្រីម្នាក់អាយុ២១ឆ្នាំ ពេលខ្លះគាត់ក៏អនុញ្ញាតអោយកូនគាត់ចូលក្លឹបជាមួយបងប្អូនជីដូនមួយរបស់គេដែរ ព្រោះគាត់យល់ថាក្មេងសម័យឥលូវតែងតែចូលចិត្តការសប្បាយ ប៉ុន្ដែគាត់មិនមែនអោយទៅរហូតនោះទេ ត្រឹម០១ខែឬ០២ខែអោយទៅម្ដងប៉ុណ្ណោះ ប្រសិនបើញឹកញាប់ពេកក៏វាមិនល្អប៉ុន្មានដែរ៕
អត្ថបទ៖ សេម