ចិនមួយក្រុមជិះឡានតាមដាន ចិនមួយក្រុមទៀត ដែលចាប់ជំរិតមិត្តភក្តិខ្លួន តែត្រូវក្រុមចាប់ជំរិតដឹងខ្លួន រត់ដេញកាប់ និងផ្ទុះអាវុធ ផ្អើលទាំងយប់
រាជធានីភ្នំពេញ៖ ជនជាតិចិនប្រុសស្រី១ក្រុម បើករថយន្តស្តារិចពីរគ្រឿងតាមឃ្លាំមើលជនជាតិចិន ដែលធ្វើសកម្មភាពចាប់ជំរិតមិត្តភក្តិរបស់ខ្លួន ទារប្រាក់ចំនួនជាង៣ម៉ឺនដុល្លារ តាំងពីម្ដុំកោះពេជ្រ រហូតដល់មុខផ្ទះវិឡា ដែលពួកគេស្នាក់នៅ លុះពេលទៅដល់ស្រាប់តែជនជាតិចិនដែលជាក្រុមអ្នកចាប់ជម្រិតនោះ បានរត់ចេញមកដេញកាប់ និងផ្ទុះអាវុធមួយគ្រាប់បាញ់សំដៅមកលើរថយន្ត បណ្ដាលឲ្យបែកកញ្ចក់រថយន្តមួយគ្រឿង និងមួយគ្រឿងទៀតបើកបួងចង្កូតបត់ត្រលប់ក្រោយ មិនប្រយ័ត្នទៅបុករបងថ្មដីឡូត៍ទុកចោល

បណ្ដាលឲ្យរលំសង្កត់លើជនជាតិចិនម្នាក់ ដែលជាបក្ខពួករបស់ក្រុមចាប់ជម្រិតនោះ កំពុងពួនសម្ងំក្រោយរបងនោះ រងរបួសជើង និងដៃបែកឈាមផងដែរ រីឯបក្ខពួករបស់ផ្សេងទៀតនាំគ្នាគេចខ្លួមរត់ចូលផ្ទះវីឡាដែលនៅក្បែរនោះបិទទ្វារចាក់សោបាត់អស់ទៅ បង្កការភ្ញាក់ផ្អើលរបស់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះវិឡាលេខ២៨៤ វិថីមេគង្គ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុ ហៅរថយន្តសាមុយមន្ទីរពេទ្យកាល់ម៉ែត ចុះមកដែរ តែពេលសួរនាំទៅមិនទាន់ច្បាស់ ទើបមិនទាន់អោយឡើងឡានពេទ្យទេ ដោយនាំភាគីទាំងសងខាង ទៅសាកសួរនិងបំភ្លឺនៅស្នាក់ការប៉ុស្តិ៍នគរបាលជ្រោយចង្វារសិន ដើម្បីបន្តនិតីវិធីបែបណាទៀត ព្រោះមានការផ្ទុះអាវុធថែមទៀតផង។ សូមរងចាំដំណឹងបន្ថែម!


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត