ឆ្កឹះសោររបងចូលលួចទ្រព្យសម្បត្តិបានសម្រេច៦ដង ញាមមកលួចទៀត លើកទី៧ ម្ចាស់ផ្ទះទ្រាំលែងបានតាមរកទាល់តែឃើញ ប្តឹងសមត្ថកិច្ចឲ្យវាយខ្នោះ
រាជធានីភ្នំពេញ ៖ ក្រុមចោរដែលមកធ្វើសកម្មភាពជិត១០លើកហើយ ជួនកាលជិះកង់ឌុបគ្នា ជួនកាលជិះម៉ូតូឌុបគ្នាមក ធ្វើឲ្យម្ចាស់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន ៦លើកមកហើយ ចំណែកឯលើកទី៧នេះសន្តិសុខដែលមកយាម ក៏ក្រុមចោរចូលលួចយកទូរស័ព្ទទៅបាត់ដែរ ។ ករណីចោរចូលឆ្កឹះសោររបងលួចទ្រព្យសម្បត្តិលើកទី៧នេះ បានកើតឡើងកាលពីវេលាម៉ោង០៣:៥៨នាទីទាបភ្លឺ ឈានចូលថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្ទះលេខ៤៨,៥០ ផ្លូវលេខ២១៥ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះបានរៀបរាប់ប្រាប់អោយដឹងថា កន្លងមកក្រុមចោរដែលមកធ្វើសកម្មភាពលួចទ្រព្យសម្បត្តិនេះបានសម្រេច៦លើករួចមកហើយ ជួនកាលជិះកង់ឌុបគ្នា ជួនកាលជិះម៉ូតូឌុបគ្នាមក ជួនកាលលួចកាច់កញ្ចក់រថយន្ត Ranger Rover ពណ៌ស និងមកលួចកាច់កញ្ចក់រថយន្ត NISSAN NAVARA រួចគេចខ្លួនបាត់ស្រមោលតែម្ដង ធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះទ្រព្យសម្បត្តិក្នុងផ្ទះរបស់ខ្លួន ។ ព្រោះ៦លើកមកហើយ ដែលចោរបានមកធ្វើសកម្មភាព ដោយមិនមានការភ័យខ្លាចសមត្ថកិច្ចខណ្ឌ៧មករាបន្តិចសោះឡើយ ។
ម្ចាស់ផ្ទះបន្តថា កាលពីប៉ុន្មានលើកមុន ដោយសារតែមានការរវល់ពេល ទើបមិនបានដាក់ពាក់បណ្ដឹងដល់សមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខក្រុមចោរទាំងនោះ តែប៉ុន្មានលើកក្រោយមកទៀត ក៏បានទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចប៉ុស្តិ៍វាលវង់ ជួយស្រាវជ្រាវរកមុខក្រុមចោរទាំងនោះ ដើម្បីយកមកផ្ដន្ទាទោសផងដែរ។
តែសមត្ថកិច្ចនគរបាលខណ្ឌ៧មករា មិនទាន់ស្រាវជ្រាវរកឃើញផង ស្រាប់តែនៅវេលាម៉ោងកើតហេតុខាងលើ ក្រុមជនសង្ស័យទាំងនោះ មកធ្វើសកម្មភាពជាលើកទី៧ ឆ្កឹះសោររបងចូលទៅលួចយកទូរស័ព្ទរបស់សន្តិសុខ ដែលមកយាម លួចយកទូរស័ព្ទទៅបាត់ទៀត ទើបង្កការភ្ញាក់ផ្អើលស្ទុះរត់ចេញមកដែរ តែចោររត់បាត់ហើយ ។
ប្រភពពីតាំង គីមឡេង បន្ថែមថា ទ្រាំលែងបាន យប់មិញលើកទី៧ លួចទូរស័ព្ទបានសម្រេចទៀត ព្រឹកឡើងនាំគ្នាបងប្អូនចេញដើររកប៉ុន្មានម៉ោងមក ស្រាប់តែប្រទះឃើញ ជនសង្ស័យម្នាក់នៅម្ដុំប្លុកបុរីកីឡា ទើបនាំយកទៅប៉ុស្តិ៍វាលវង់ ដើម្បីប្រគល់អោយសមត្ថកិច្ចសាកសួរចម្លើយដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកតែម្ដង ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត