រាជធានីភ្នំពេញ អនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល០៦ថ្ងៃ គ្មានអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ និងឃាត់យានយន្តល្មើសច្បាប់សរុប ៥២៨១គ្រឿង
រាជធានីភ្នំពេញ ៖ រាជធានីភ្នំពេញ យុទ្ធនាការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល០៦ថ្ងៃ ពីសំណាក់កម្លាំងនគរបាល សេចក្តីរាយការណ៍ពីការិយាល័យ នគរបាល ចរាចរណ៍រាជធានីភ្នំពេញឱ្យដឹងថា គ្មានមនុស្សស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍នោះឡើយ មានតែអ្នកទទួលរងរបួសប៉ុណ្ណោះ។ រាជធានីភ្នំពេញ មុននឹងអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោក ត្រូវបានអ្នកជំនាញប៉ាន់ប្រមាណថា ក្នុង០១ថ្ងៃគិតជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមនុស្សស្លាប់០១នាក់។ ក្នុងអំឡុងពេលរឹតបន្តឹងច្បាប់ចរាចរណ៍០៦ថ្ងៃ ចំនួន បទល្មើសគ្រោះថ្នាក់ចរាចរណ៍ក៏មានការថយចុះផងដែរ។

លទ្ធផលកិច្ចប្រតិបត្តិការនៃយុទ្ធនាការចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់យាន យន្តល្មើសច្បាប់សរុប៥,២៨១គ្រឿង ក្នុងនោះម៉ូតូ៤,៤៩០គ្រឿង, រថយន្តតូចធំ៧៩១គ្រឿង ដើម្បីអនុវត្តតាមអនុក្រឹត្យលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ ចំពោះអំពើ ល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក។ ក្នុងពេលវេលានៃយុទ្ធនាការរឹតបន្តឹងច្បាប់ចររាចរណ៍ផ្លូវគោក នៅក្នុងរាជធានីភ្នំពេញនោះផងទៀត មនុស្សប្រុសស្រី០៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខ ក៏ត្រូវបានឃាត់ខ្លួននិងអប់រំឱ្យដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់កម្មភាព ហើយឱ្យត្រឡប់ទៅផ្ទះវិញ។
ក្រោយពីពួកគេទាំង០៣នាក់នោះ បានបង្ហោះតាមហ្វេសប៊ុកព័ត៌មានមិនពិតរឿងចាស់, បង្ហោះរូបភាពវីដេអូការប្រមាថនិងចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យមហា ជនមានការភាន់ច្រឡំបង្កឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរមកលើសមត្ថកិច្ចអនុវត្តច្បាប់ ដែលបានបំពេញភារកិច្ចត្រឹមត្រូវអនុវត្តតាមគោលការណ៍ច្បាប់ បទបញ្ជា និង គោរពវិជ្ជាជីវៈនគរបាលជាតិ។ សំដៅការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព តម្លាភាព និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នាំមកនូវសុវត្ថិភាព អាយុជីវិត ទ្រព្យ សម្បត្តិប្រជាពលរដ្ឋអ្នក់ប្រើប្រាស់ផ្លូវថ្នល់ទូទៅ។ គ្រាដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ជារៀងរាល់ថ្ងៃ។
រាជធានីភ្នំពេញនៅឆ្នាំ២០១៩កន្លងទៅនេះ មានអ្នកស្លាប់ចំនួន៣៣៨នាក់ អ្នករងរបួសធ្ងន់និងស្រាល១,៧៣២នាក់ មូលហេតុដោយការបើកបរបំពានច្បាប់ចរាចរណ៍ផ្លូវគោក។

ទន្ទឹមដែលការចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនោះផងដែរ គឺមានមនុស្សមួយចំនួនមិនពេញចិត្ត ហើយរិះគន់ទៅលើការអនុវត្តច្បាប់ដោយមិនបានយល់អំពីសារសំខាន់ នៃការអនុវត្តច្បាប់ក្នុងធានា ស្ថិរភាព សុវត្ថិភាព អាយុជីវិត និងទ្យព្យសម្បត្តិ។ ដោយឡែកការអនុវត្តច្បាប់ចរាចរណ៍នោះ ក៏ត្រូវគេមើលឃើញថា មានប្រជាពលរដ្ឋជាច្រើនបាន គាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាសំដៅកាត់បន្ថយអ្នកស្លាប់និងអ្នករងរបួស។
បើយោងតាមរបាយការណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹងថា ប្រៀបធៀក្នុងរយៈពេល០៥ថ្ងៃ មុនថ្ងៃអនុវត្តនិងអំឡុងពេល អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅក្នុងរាជធានីភ្នំពេញ បទល្មើសគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ០២លើក ថយអ្នកស្លាប់០៤នាក់ ចំណែកអ្នករងរបួសធ្ងន់និងស្រាល ១៣នាក់ស្មើគ្នា។
ការថយចុះអ្នកស្លាប់និងថយចុះបទល្មើសគ្រោះថ្នាក់ចរាចរណ៍បែបនោះ ត្រូវគេមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនកំពុងតែបាននឹងចូលរួមគោរពច្បាប់ចរាចរណ៍ ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះនៅតែបើកបរយានយន្តល្មើសច្បាប់ចរាចរណ៍។
ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោករយៈពេល០៦ថ្ងៃនៅរាជធានីភ្នំពេញ ដំណើរការទៅបានរលូនអនុវត្តដោយតម្លាភាព ប្រសិទ្ធភាព និងគ្មានអំពើហិង្សាដែលបង្កការរាំង ស្ទះដល់ការអនុវត្តច្បាប់នោះឡើយ៕





អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត