រយៈពេល១សប្តាហ៍នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចរកឃើញអ្នកបើកបរល្មើសច្បាប់ជិត ១៤ ០០០ករណី
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ រហូតមកទល់នឹងពេលនេះមានរយៈពេលមួយសប្តាហ៍ហើយ ដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានធ្វើការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ហើយក្នុងរយៈពេល១សប្តាហ៍កន្លងទៅនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យឃើញនូវបទល្មើស និងធ្វើការពិន័យចំពោះយានយន្តល្មើសច្បាប់សរុបចំនួន ១៣ ៩៦៨ ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០ ៨១៥ករណី ស្មើនឹង ៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣ ១៥៣ករណី ស្មើនឹង២៣%។ ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣/៩៥លើក ថយ ៥២លើក ស្មើ ៥៤% ស្លាប់ ២៤/៤០នាក់ ថយ ១៦នាក់ ស្មើ ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០% ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩។ បើប្រៀបធៀប ជាមួយសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៤៣/៥៥លើក ថយ ១២លើក ស្មើ ២២% ស្លាប់ ២៤/៣៥នាក់ ថយ ១១នាក់ ស្មើ ៣១% របួស ៥៦/៥៨នាក់ ថយ ២នាក់ ស្មើ ៣% ។
ចំណុចកត់សម្គាល់នោះគឺ អ្នកប្រើប្រាស់ផ្លូវយ៉ាងច្រើនលើសលប់នៅទូទាំងប្រទេស បានចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុលផុស ដែលបានឆ្លុះបញ្ជាំងឲ្យឃើញអំពីការគោរពច្បាប់ និងជាប្រភពលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់មានស្មារតីបន្តអនុវត្តភារកិច្ចកាន់តែសកម្មខ្លាំងក្លាថែមទៀត៕

