បង្ហោះ Facebook ថាគេឡើងលុយគ្រប់គ្នា ចំណែកខ្លួនឯងថយចុះ២០ម៉ឺន គ្រាន់តែអត់នៅផ្ទះ២៤ថ្ងៃសោះ ពេលនេះអគ្គិសនីកម្ពុជា ចុះទៅដល់ផ្ទះ និងបកស្រាយថា…
- May 9, 2020
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា មានការរិះគន់ច្រើនទាក់ទងទៅនឹងអគ្គិសនីកម្ពុជា ដែលប្រជាពលរដ្ឋថាការប្រើប្រាស់របស់ពួកគាត់កើនឡើងខុសធម្មតា ប៉ុន្តែក្រុមការងារអគ្គិសនីកម្ពុជា បានធ្វើការយ៉ាងសកម្មទៅលើបញ្ហានេះ ដោយក្រុមការងារបច្ចេកទេស បានចុះទៅត្រួតពិនិត្យដល់ផ្ទះអតិថិជនតែម្តង និងរកឃើញថានាឡិកាស្ទង់គឺដំណើរការជាធម្មតា គ្មានភាពមិនប្រក្រតីនោះទេ។
ថ្មីៗនេះដែរមានម្ចាស់គណនី Facebook មួយឈ្មោះថា Srey Leak បានបង្ហោះអត្ថន័យមួយទាក់ទងនឹងអគ្គិសនីកម្ពុជា ដោយនាងបានលើកឡើងថា “គេកើនលុយគ្រប់គ្នា អែងនេះថយលុយវិញ ខែចាស់ប្រើអស់៧០ម៉ឺន ខែនេះប្រើអស់តែ៥០ម៉ឺនទេ តែឆ្ងល់ចេះខែនេះបិទកន្លែង២៤ថ្ងៃ ទៅស្រុកខ្លាចកូរ៉ូណា មកវិញឃើញក្រដាសភ្លើងហើយ ចង់ទៅតវ៉ាដែរតែមិនដឹងតវ៉ាតាមផ្លូវណាទេព្រោះតវ៉ាហើយគេថាមកពីខែវាក្តៅ អាលូវក្តៅក៏ក្តៅចុះតែនេះគ្មានអ្នកប្រើផងវាកើតតាមណា មិនមែនតែស្ករអីទេតែវាហួសចិត្ត”
ក្នុងនោះដែរក្រុមការងារអគ្គិសនីកម្ពុជា បានបកស្រាយថា៖ “អគ្គិសនីកម្ពុជា សូមបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ Srey Leak ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី YEM VANNAK ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩:៣០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមានម៉ាស៊ីនត្រជាក់ ០៤គ្រឿង (1.5HP ០៣គ្រឿង 1HP ០១គ្រឿង) ទូរទឹកកក ០១គ្រឿង ឆ្នាំងដាំបាយ ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ។
ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ”
- Share This Post: