រន្ធត់ណាស់! ស្ទាវមួយក្រុមជិះម៉ូតូដេញគ្នាប្រសាចពេញផ្លូវ ជ្រុលបុកបុរសអ្នកលក់តៅហ៊ូម្នាក់ បណ្ដាលឲ្យបុរសនោះស្លាប់ភ្លាមៗនៅនឹងកន្លែង
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជនបង្កជិះម៉ូតូដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៤០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវបែកជាបួន ទល់មុខហាងលក់រថយន្តតាំងប៊ុនហេង ស្ថិតតាមបណ្តោយផ្លូវ១៨២ កែងផ្លូវ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា ជាជនជាតិចិន ជិះម៉ូតូម៉ាកCUB ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1HN-1339 ជាអ្នកលក់តៅហ៊ូ ។ ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-9154 រងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល
បើតាមប្រភពបានប្រាប់ឲ្យដឹងថា ដំបូងឡើយគេឃើញជនជាតិចិន ដឹកតៅហ៊ូ ជិះម៉ូតូតាមបណ្ដោយផ្លូវ២២៣ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុត្រូវបានម៉ូតូជាច្រើនគ្រឿងបានដេញគ្នា ប្រសេកប្រសាចបានជ្រុលមកបុកម៉ូតូឌ្រីមសង់មួយគ្រឿងរបស់គាត់ចំពាក់កណ្ដាល បណ្ដាលឱ្យដួលជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯអ្នកបុករងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងដំណំ ឯអ្នករង របួសស្រាលបានរត់គេចបាត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកដល់ក៏បានពិនិត្យមើលលើសពហើយប្រគល់ឲ្យសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការក្រុង៕









អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត