ឃាត់ខ្លួនបុរស២នាក់ រកឃើញកាំភ្លើង AK-47 កែសំបកស៊េរីទំនើប១ដើម ក្នុងរថយន្ត នៅគោលដៅត្រួតពិនិត្យ ផ្លូវ២៧១
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌចំការមន ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹង និងឆែកជាតិអាកុល លើអ្នកបើកបរយានយន្ត ប្រទះឃើញបុរស២នាក់ បើករថយន្ត១គ្រឿងឆែករកឃើញរក្សាទុកកាំភ្លើងម៉ាកAK-47 (កែសំបកឡើងទំនើប) ចំនួន១ដើម គ្មានលិខិតស្នាម នាយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខក្លឹបហាត់ប្រាណភ្នំពេញស្ព័ត លើកំណាត់ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពួង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ លី ហរអាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះលេខ៣៤០ ផ្លូវB១២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធការរក្សាអាវុធ ម៉ាកAK-47 ផលិតកាលពីឆ្នាំ១៩៦៥ នៅប្រទេសសូវៀត គ្មានលិខិតស្នាម និងគ្មានការអនុញ្ញាត កាំភ្លើងនេះត្រូវបានយកមក កែសំបកថ្មី (Upgrade)។
មន្ត្រីនគរបាលបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនកើតហេតុ កម្លាំងចម្រុះរបស់អធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ និងឆែកជាតិអាល់កុល ទៅលើអ្នកបើកបរយានយាន្តលើផ្លូវសាធារណៈ នៅចំណុចគោលដៅខាងលើ ក្រោយមកក៏បានឃាត់រថយន្តព្រូសមួយគ្រឿង ជិះគ្នា២នាក់ ដើម្បីសុំធ្វើការត្រួតពិនិត្យឆែកឆេរ ជាក់ស្ដែងរកឃើញកាំភ្លើង ម៉ាក AK-47 ១ដើម ។

ក្រោយមកតាមការបំភ្លឺរបស់ឈ្មោះ លី ហរអាង បានប្រាប់ថា មានបងធម៌ ខ្ញុំ ម្នាក់ឈ្មោះ ប៉េ ស៊ីណា ភេទប្រុស មុខរបរយោធាម្នាក់ ឋានៈវរសេនីយ៍ទោ បានឲ្យខ្ញុំយកអាវុធនេះទៅឲ្យគាត់ នៅផ្ទះម្តុំសំណង់១២ ខ្ញុំបាទក៏បបួលប្អូនប្រុសរបស់ខ្ញុំទៅជាមួយបានជាគ្នា លុះចេញពីហ្គារ៉ាស់ជួសជុលរថយន្ត នៅផ្លូវ៣៧១ រួចបត់តាមផ្លូវ២៧១ មកដល់ចំណុចភ្នំពេញ ស្ពតក្លឹប ត្រូវបានកម្លាំងសមត្ថកិច្ចត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញតែម្តង ។
បច្ចុប្បន្នជនសង្ស័យម្នាក់ដែលជាប្អូនប្រុសមិនពាក់ព័ន្ធទេ បានឲ្យត្រឡប់ទៅវិញ ដោយមានក្រុមគ្រួសារមកធានា ។ ចំណែកអ្នកបើករថយន្ត បាននាំមកអធិការខណ្ឌចំការមន ដើម្បីធ្វើការសាកសួរបន្ត ។
សម្ភារដកហូតអាវុធវែងចំនួន០១ដើម ម៉ាកAK-47 ផលិតនៅប្រទេសសូវៀត នៅឆ្នាំ១៩៦៥ លេខអាវុធ CT1528 និងរថយន្តមួយគ្រឿងម៉ាក TOYOYA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខ 2BB-0715 ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់ ៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត