លោកស័ក្ត៥ ឈុន សារ៉េត បុកមនុស្សស្លាប់រត់គេចខ្លួនបាត់ ហើយយករថយន្តទៅផ្លុងចោលនៅក្នុងចំការមួយ នៅស្រុកកោះធំ
យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ០៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុច ដីចំការរបស់ឯកឧត្ដម រដ្ឋមន្ត្រីស៊ុនចាន់ថុល ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ ខ ស្រុកកោះធំ ខេត្តកណ្ដាល បានប្រទះឃើញ រថយន្តម៉ាក FORD RANGER ពណ៌ក្រហមបាញ់ពណ៌ត្រេអ៊ីពីលើ ០១គ្រឿង គ្មានស្លាកលេខចង្កូតស្ដាំមានបែកចង្កៀងមុខខាងឆ្វេង មាន តង់ជ័រសំរាបគ្រប គ្របពីលើជិត។

ក្នុងនោះដែរលោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ជាក់ថារថយន្តខាងលើជារថយន្តរបស់លោកស័ក្ត៥ ឈុន សារ៉េត ដែលបានបុកមនុស្សស្លាប់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កន្លងទៅ ហើយពេលនេះរត់គេចខ្លួនបាត់ស្រមោលរកមុនទាន់ឃើញឡើយ ដោយយករថយន្តបង្កទៅផ្លុងចោលនៅដីចំការគេ ក្នុងស្រុកកោះធំ ខេត្តកណ្តាល។ គួរបញ្ជាក់ផងដែរថា លោកស័ក្ត៥ ឈុន សារ៉េត ជាមន្ត្រីយោធាមួយរូប និងជាអ្នករកស៉ីខួងគ្រិះផងដែរ ហើយមន្ត្រីយោធារូបនេះបានបើកបររថយន្តពាក់ស្លាកលេខ ខ ម០២ . ២ ៤៦០៤ បុកមនុស្សស្លាប់កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ហើយចុះមកទាញម៉ូតូជនរងគ្រោះចេញ និងបើករត់គេចខ្លួនតែម្តង៕




