សង្គម

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រាប់ពីមូលហេតុខ្លះ ដែលមនុស្សមួយគ្រួសារ៤នាក់ នាំគ្នាគេចខ្លួនពីការធ្វើចត្តាឡីស័កនៅភ្នំពេញ ធ្វើដំណើរមកដល់ខេត្តសៀមរាប

BY
Khmernote Media
May 11, 2020

មនុស្សមួយគ្រួសារដែលមានគ្នា៤នាក់ទើបតែត្រឡប់មកពីប្រទេសគុយវ៉ែត ត្រូវបានក្រសួងដាក់អោយធ្វើចត្តាឡីស័កនៅភ្នំពេញ ស្រាប់តែបាត់ខ្លួន រត់ទៅដល់ខេត្តសៀមរាបទើបរកឃើញ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបច្ចុប្បន្នអ្នកទាំង៤ ត្រូវបានបន្តអោយធ្វើចត្តាឡីស័ក នៅខេត្តសៀមរាបតែម្តង។

បើតាមការបង្ហោះអោយដឹងនៅលើបណ្តាញសង្គម Facebook របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានអោយដឹងថា ក្រុមគ្រួសារ៤នាក់ខាងលើ ដែលត្រលប់មកពី ឌូបៃ (ដោយបានរាជរដ្ឋាភិបាលកម្ពុជា ជួយសំរបសំរួល តាមរយះអគ្គស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសគូវ៉ែត) ការពិនិត្យសំណាកពួកគាត់លើកទី១ គឺអវិជ្ជមាន។ ពួកគាត់នឹងបន្តស្នាក់នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប បន្តទៀតដល់គំរប់១៤ថ្ងៃ ក្រោមការមើលថែ នៃក្រុមគ្រូពេទ្យ ជួរមុខ។ សូមថ្លែងអំណរគុណ ដល់កិច្ចសហការណ៌ របស់ពួកគាត់ ជាមួយនិងក្រុមការងារមន្ទីរពេទ្យ នៃមន្ទីរសុខាភិបាលខេត្តសៀមរាប និង សូមអរគុណ ដល់បងប្អូនទាំងអស់ដែលបានព្រួយបារម្ភអំពីគ្រួសារគាត់។

ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដដែលបានបន្តអោយដឹងនៅក្នុង comment ថា៖ “តាមពិតចង់មកនៅជិតផ្ទះបងប្អូនកូនចៅផងទេ គាត់នឹកបែកយូរហើយនៅស្រុកគេផង”។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកម្តងហើយម្តងទៀត ដើម្បីអោយបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាអនាម័យនិងវិធានការការពារការឆ្លងមេរោគ កូវីដ-១៩ ដើម្បីគេចផុតពីរលកទី២៕

Share This Post: