ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត

    BY Khmernote Media May 12, 2020
    ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត

    នៅថ្ងៃទីចន្ទ ៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី -ខេត្ត (គ.យ.ក.ស.) ដែលមានភារកិច្ច៖
    ១.ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត
    ២.ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើសេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ
    ៣.ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ
    ៤.តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ ។

    គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ដោយមានការចូលរួមពី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំងស្ថាប័ន អង្គភាព ភាគីពាក់ព័ន្ធជាច្រើនផងដែរ។

    នៅក្នុងកិច្ចប្រជុំនេះផងដែរ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «តាមសំណើរបស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ យើងជួបជុំគ្នា ដើម្បីពិភាក្សារកដំណោះស្រាយភាពចង្អៀតណែននៃពន្ធនាគារ ហើយដោយសារការកកស្ទះ ឬក៏ភាពយឺតយ៉ាវ នៃសំណុំរឿងមួយចំនួន ដែលមិនទាន់បានដោះស្រាយ ហើយក្រសួងយុត្តិធម៌ បានយកចិត្តទុកដាក់ ដើម្បីពន្លឿនការដោះស្រាយ ការកកស្ទះ សំណុំរឿងនេះ ដែលចាត់ទុកការងារដ៏ពិសេសចាំបាច់មួយ ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទងទៅនឹងភាពចង្អៀតណែន»។

    សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា «តាមរយៈជំងឺ កូវីដ-១៩ ដែលយើងកំពុងជួបប្រទះនេះ ប្រទេសមួយចំនួនបានដោះលែងអ្នកទោស ប៉ុន្ដែយើងមិនដល់ថ្នាក់នឹងទេ គឺនៅរក្សាបាន ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ គឺយើងបន្ដដោះស្រាយការកកស្ទះនេះ ទៅនឹងភាពចង្អៀតណែន»។

    ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានថ្លែងថា តាមកិច្ចប្រជុំវាយតម្លៃការដាក់ចេញយុទ្ធនាការដើម្បីការដោះស្រាយបញ្ហាការកកស្ទះភាពចង្អៀតណែន នៅក្នុងពន្ធនាគារ គឺជារឿងចាំបាច់ បន្ទាប់ពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយសម្ដេចក្រឡាហោម ស ខេង ដែលអនុវត្តទទួលបានជោគជ័យ។

    ឯកឧត្តម បន្ថែមថា ចំនួនអ្នកជាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ត្រូវបានកើនឡើង បើតាមរបាយការណ៍យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងទៅ ជនល្មើសដែលត្រូវបានចាប់ខ្លួនពីបទល្មើសគ្រឿងញៀន មានប្រមាណ២ម៉ឺននាក់ ហើយសំណុំរឿងត្រូវបានកើនឡើងជាគំហុកនៅតាមសាលាដំបូង រីឯអ្នកជាប់ឃុំ នៅតាមពន្ធនាគារក៏មានការកើនឡើងផងដែរ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay