ឃើញ Share ពេញ Facebook ករណីមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ពេលនេះដឹងការពិតហើយ
ជុំវិញករណីដែលគេថតបានរូបថតមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពហើយបង្ហោះព្រោងព្រៀតពេញបណ្តាញសង្គម Facebook ពេលនេះត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងធ្វើការបកស្រាយ និងចេញសេចក្តីប្រកាសព័ត៌មានមួយ ដើម្បីបំភ្លឺជូនសាធារណៈជន។ យោងតាមទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអោយដឹងថា រូបថតមន្ត្រីនគរបាលដែលជិះម៉ូតូ មិនពាក់មួកសុវត្ថិភាពនោះជារូបចាស់ ដែលគេថតបានតាំងពីខែឧសភា ឆ្នាំ២០១៩ មកម្លេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបន្តអោយដឹងទៀតថា ចំពោះរូបថតចាស់ខាងលើ ត្រូវបានលោកស្នងការធ្វើការអប់រំនិងព្រមានរួចហើយ ដោយការបង្ហោះសាររិះគន់ម្តងទៀតនេះបានធ្វើអោយប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ របស់កងកម្លាំងនគរបាល ដែលបានអនុវត្តច្បាប់ដោយស្មើភាពគ្នាដូចប្រជាពលរដ្ឋដែរ។ ជាចុងក្រោយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចាត់ទុកថាការបង្ហោះរូបភាពរិះគន់ខាងលើ គឺគ្មានមូលដ្ឋានច្បាស់លាស់ (ចម្លងរូបភាព) គឺបានបង្កឱ្យមានភាពវឹកវរក្នុងសង្គម៕



