ផ្គើននឹងបទបញ្ជា! ជួបជុំគ្នាមានប្រុសមានស្រីផឹកស៊ី ក្នុងប៉ុស្តិ៍នគរបាលផ្សារថ្មី៣ ចាក់ធុងបាស់ ស្រែកច្រៀង បង្កសំឡេងរំខានដល់អ្នករស់នៅជិតខាងទាំងយប់
រាជធានីភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការដោះស្រាយបញ្ហា និងផលលំបាករបស់ប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់សមត្ថកិច្ច នៃស្នងការនគរបាលរាជធានីភ្នំពេញ ។ តែបើតាមសេចក្ដីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋបានប្រាប់ថា ខណៈដែលទីតាំងផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន ជាច្រើនកន្លែងត្រូវបានសមត្ថកិច្ចនគរបាលគ្រប់ប៉ុស្តិ៍ ចុះទៅអប់រំណែនាំ និងឲ្យបញ្ឈប់សកម្មភាពទាំងអស់ជាបន្តបន្ទាប់ តែបានកើតឡើងនៅសាលាសង្កាត់និងប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ទៅវិញ ដែលមានការជួបជុំគ្នាមានប្រុសមានស្រីផឹកស៊ីជល់កែវគ្នា សើចសប្បាយក្អាកក្អាយ និងចាក់ធុងបាស់ ស្រែកច្រៀងឡូឡាយ៉ាងខ្លាំង បង្កសំឡេងរំខានដែលមិនអាចឲ្យអ្នកជិតខាងសម្រាកបានឡើយ កាលពីម៉ោងជិត១១យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ ។

សូមបញ្ជាក់ថា ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាដល់សមត្ថកិច្ចទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រវតែផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានលឿន ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ជាពិសេសធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋបានសប្បាយចិត្ត ។ ស្របតាមការណែនាំនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មិនថាថ្ងៃ ឬយប់ តែងតែតាមដាន និងដោះស្រាយខំមិន របស់ប្រជាពលរដ្ឋជានិច្ច ដោយធ្វើការសហការ ជាមួយអធិការខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ។
ទោះជាមានការផ្សព្វផ្សាយជាប្រចាំ នៅលើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏ដូចជា ការចុះអនុវត្តជារៀងរាល់យប់ ដើម្បីបញ្ឈប់ ណែនាំ អប់រំ រាល់សកម្មភាពផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខានដែលមិនអាចឲ្យអ្នកជិតខាងសម្រាកបាន យ៉ាងណាក៏ដោយ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនតូច នៅតែបង្កបញ្ហានេះ ។
សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច ត្រូវចេះគោរពសិទ្ធិអ្នកដទៃ ក៏ដូចជាការចូលរួមស្តាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការកាត់បន្ថយការជួបជុំផឹកស៊ីសប្បាយ ដើម្បីសហការគ្នាក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងដាលវីរុសកូវីដ១៩៕


អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត