ទីបំផុត អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រគល់ប្រាក់ ១,២០០ដុល្លារជួយដល់បុរស ដែលរថយន្តគាត់ត្រូវបានស៊ីគ្រឿង
យោងតាមការបញ្ជាក់ឲ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានឲ្យដឹងថា នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២០ នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានប្រគល់ប្រាក់ចំនួន ១២០០ ដុល្លារជូនទៅប្អូនប្រុស ហុក តាំងហុង សំរាប់ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួនខណៈពេលរក្សាទុកនៅក្នុងបរិវេណអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ ប្អូនប្រុសម្ចាស់រថយន្ត បានយល់ព្រមទទួលនិងបានយល់ព្រមបញ្ចប់បញ្ហាបាត់បង់គ្រឿងរថយន្ដនេះចាប់ពីថ្ងៃនេះតទៅ។

គួរបញ្ជាក់ផងដែរថា កន្លងទៅថ្មីៗនេះ បុរសម្នាក់បានបង្ហោះវិដេអូ និងរូបថតជាច្រើនសន្លឹកបង្ហាញពីអារម្មណ៍ហួសចិត្តរបស់ខ្លួនពេលបានមកឃើញរថយន្ត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុន ហើយត្រូវបាននគរបាលយករថយន្តរបស់លោកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែបែរជាបាត់គ្រឿងអស់រលីង៕
