បុរសម្នាក់កំពុងឈរលក់ថ្នាំញៀន តាមផ្លូវ៦០ម៉ែត្រ ត្រូវកម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ក្របួចបាន ដកហូតថ្នាំញៀន៥កញ្ចប់
រាជធានីភ្នំពេញ ៖ កម្លាំងល្បាតប៉ុស្តិ៍ចាក់អង្រែលើ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន បានឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីប្រទះឃើញកំពុងឈរលក់ថ្នាំញៀន តាមទីសាធារណៈកណ្ដាលយប់ស្ងាត់ លុះពេលឃើញសមត្ថកិច្ច ក៏ស្ទុះរត់គេចខ្លួន ដោយមានការសង្ស័យសមត្ថកិច្ចក៏រត់ដេញតាមចាប់ឃាត់ខ្លួន និងឃើញបោះចោលក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០៥កញ្ចប់ ទើបនាំយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីសាកសួរបន្ត កាលពីវេលាម៉ោង០២:០០រំលងអាធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចសំណង់មិនរៀបរយ(វាលខ្សាច់តាក់ហ្វាត) ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្លូវ៦០ម៉ែ្រត ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍ចាក់អង្រែលើ បានប្រាប់ឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉េងវិមានតារា អធិការដ្ឋាននគរបាលខណ្ឌមានជ័យនោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលើ ដឹកនាំដោយរូបលោកដែលជានាយប៉ុស្តិ៍ បានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យ ឈ្មោះ ហេងបូរ៉ា កំពុងឈរលក់ថ្នាំញៀនតាមទីសាធារណៈកណ្ដាលយប់ស្ងាត់ លុះពេលឃើញសមត្ថកិច្ច ឈ្មោះហេងបូរ៉ា(ជនសង្ស័យ)ក៏ស្ទុះរត់គេចខ្លួន ចូលទៅវាលខ្សាច់ ដោយមានការសង្ស័យសមត្ថកិច្ចក៏រត់ដេញតាមចាប់ឃាត់ខ្លួន និងឃើញបោះចោលក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ០៥កញ្ចប់ ទើបឃាត់ខ្លួនយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើតែម្ដង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា វត្ថុតាងដែលសមត្ថកិច្ចដកហូតនោះ មាន៖ ក្រាមពណ៌សថ្លា ចំនួន០៥កញ្ចប់ថង់តូច ពិតជារបស់ខ្លួនប្រាកដមែន ។ បច្ចុបន្បន្នជនសង្ស័យឈ្មោះ ហេងបូរ៉ា កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត