អស់ពីរឿងបុរសម្នាក់បាញ់សម្លាប់សត្វកេងកងធំ នៅទឹកធ្លាក់ ៩ជាន់នៅកំពត ឥលូវនេះមានជនមិនស្គាល់មុខបាញ់សម្លាប់ សត្វទន្សោងញីចំនួន២ក្បាល នៅព្រៃការពារភ្នំព្រេចទៀត
កាលពីប៉ុន្មានថ្ងៃមុននេះ មានបុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានចូលខ្លួនមកសុំទោសសាធារណជននិងបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខសមត្ថកិច្ចនៃក្រសួងបរិស្ថាននៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២០។ គាត់បានសារភាពថាខ្លួនពិតជាបានបាញ់សម្លាប់សត្វ «កេងកងធំ»មែន ពេលទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេងទឹកជ្រោះ ៩ ជាន់ ខេត្តកំពត ជាមួយនឹងអាវុធកែច្នៃ ហើយពេលនេះសុំទោសប្រជាពលរដ្ឋកម្ពុជាទាំងអស់ អភ័យទោសដល់រូបខ្លួនផង។


ចំណែកម្សិលមិញនេះមានការភ្ញាក់ផ្អើលដោយសារតែមានករណីជនមិនស្គាល់មុខបាញ់ ទន្សោង២ក្បាល នៅក្នុងព្រៃការពារភ្នំព្រេច ហើយសត្វទន្សោងនោះបានរត់មកងាប់នៅក្នុងដីក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ដែលមានទីតាំង នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ចំងាយពីផ្លូវធំប្រហែល៣០ម៉ែត្រ។ តាមការពិនិត្យជាក់ស្តែងនៅនឹងកន្លែងកើតក្រុមការងារបានឃើញសត្វទន្សោងញីចំនួន២ក្បាល បានងាប់មានសភាពហើមស្អុយ ប្រហែលជាងាប់៣ទៅ ៤ថ្ងៃមកហើយ សត្វទន្សោងដែលងាប់នេះ។ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានចាត់មន្រ្តីជំនាញចុះធ្វើការស្រាវជ្រាវ ករណីបាញ់សត្វទន្សោងនេះហើយ ដើម្បីវែកមុខរកជនដែលប្រព្រឹត្តខុសច្បាប់៕






