សង្គម

យុវជនម្នាក់ ប្រើ Facebook ខុសគោលដៅ បង្ហោះសារប្រមាថមន្ត្រីរាជការ ឥលូវដឹងខ្លួនខុសចូលសារភាពដោយខ្លួនឯង

BY
Khmernote Media
June 5, 2020

យោងតាមការបញ្ជាក់របស់ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០នេះបានអោយដឹងថា យុវជនម្នាក់បានប្រើប្រាស់បណ្តាញសង្គម Facebook ខុសគោលដៅដោយបង្ហោះសារប្រមាថថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ដែលធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការសាធារណៈទូទៅផងដែរ ហើយក្រោយមកដឹកខ្លួនខុសក៏ចូលសារភាពនិងទទួលស្គាល់កំហុសរបស់ខ្លួនវិញ។

នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានអោយដឹងថា: ” នាព្រឹកថ្ងៃសុក្រ ទី០៥ ខែមិថុនា ឆ្នាំ២០២០ នេះយុវជនឈ្មោះ ខវឃ ភេទប្រុស ជនជាតិ ខ្មែរ សញ្ញាតិ ខ្មែរ រស់នៅក្នុងភូមិដាំស្ពៃ ឃុំស្លាកែត ស្រុកបាត់ដំបង ខេត្តបាត់ដំបង បានចូលខ្លួនមកសារភាព និងទទួលស្គាល់កំហុសរបស់ខ្លួន​ ពាក់ព័ន្ធនឹងការសរសេរ ផ្សព្វផ្សាយ ខ្លឹមសារប្រមាថ មកលើថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា។

យុវជនខាងលើ បានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តកំហុស ដោយបានចែករំលែកនូវព័ត៌មានមិនពិត និងបានសរសេរពាក្យពេជ្រខ្លឹមសារប្រមាថ ផ្សព្វផ្សាយនៅលើគណនីហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ ដែលបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងររបស់ថ្នាក់ដឹកនាំនាយកដ្ឋានព័ត៌មានវិទ្យា ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការសាធារណៈទូទៅផងដែរ។

បន្ទាប់ពីបានធ្វើការ អប់រំ ណែនាំ យុវជនខាងលើបានធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តនូវកំហុងឆ្គងខាងលើតទៅទៀត និងសន្យាធ្វើជាយុវជនល្អក្នុងសង្គម។ ឆ្លៀតក្នុងឱកាសនេះផងដែរ នាយកដ្ឋានព័ត៌មានវិទ្យា សូមសំណូមពរឲ្យ បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជៀសវាងឲ្យបាននូវការចែកចាយព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមរបស់យើងទាំងអស់គ្នា។”

Share This Post: