ព័ត៌មានជាតិ

ស្ដែងៗណាស់ ! សង្ស័យស្រវឹងបើករថយន្តទៅបុករបាំងថ្មបាក់ជា២កំណាត់ ហើយឡើងកល់ជាប់ពីលើដូចគេចាប់ដាក់

BY
autoadmin
June 6, 2020

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ អ្នកបើកបរសង្ស័យស្រវឹងស្រាបានបើករថយន្ត NISSAN NAVARA មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនទៅបុកឡើងកល់ជាប់ពីលើទ្រូងផ្លូវ បាក់ខ្ទេចរាយបាយពេញផ្លូវ ដូចគេចាប់ដាក់ពីលើ ដែលមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ រំលងអធ្រាតឈានចូលថ្ងៃសៅរិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវ ២៧១ ខាងត្បូងមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ប្រមាណ១២០ម៉ែត្រ ដែលស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត (សង្ស័យជាប្ដីប្រពន្ធនឹងគ្នា) បានបើករថយន្តមួយគ្រឿង ម៉ាក NISSAN NAVARA ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH-0100 ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនដូចហោះ តាមបណ្ដោយផ្លូវ២៧១ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញរថយន្តនេះ បានរេចង្កូតទៅខាងឆ្វេងដៃទៅបុកឡើងរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរបាំងថ្មក្បាលព្រួញ បាក់ចេញជា២កំណាត់ដួលខ្ទាត់មកកណ្ដាលផ្លូវម្ខាងទៀត រីឯរថយន្តកល់ជាប់លើរបាំងថ្មបើកទៅមុខលែងរួច (ដូចគេចាប់យកទៅដាក់) បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង ប៉ុន្តែសំណាងល្អរថយន្តបានផ្ទុះពោងសុវត្ថិភាពទាំងពីរ ទើបមិនបង្កឲ្យមានរបួសដល់មនុស្សក្នុងរថយន្ត ។ ភ្លាមៗនោះគេឃើញបុរសនិងស្ត្រីដែលជិះក្នុងរថយន្ត ប្រញាប់ប្រញាល់ចុះចេញពីរថយន្តបង្ក ហើយឡើងជិះកង់បីឥណ្ឌាគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំការតាមដាននិងស្រាវជ្រាវរកម្ចាស់រថយន្ត ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

ដោយ ៖​ បងម៉េង ខ្មែរណូត

Share This Post: