សង្គម

យុវជនម្នាក់ ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបុកមន្រ្តីនគរបាល២នាក់យ៉ាងពេញទំហឹង បណ្ដាលឱ្យរងរបួសធន់

BY
srey nuch
June 13, 2020

រាជធានីភ្នំពេញ៖ សមត្ថកិច្ចនគរបាល ២នាក់ របួសបាក់ជើងខាងស្តាំនិងម្នាក់ទៀតរបួសពកក្បាលផ្នែកខាងក្រោយ ដោយសារយុវជនម្នាក់បើកម៉ូតូបុកទាំងកម្រោលខណៈ កំពុងចុះបំពេញភារកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកពេលយប់។ ហេតុការណ៍នេះកើតឡើងនាវេលាម៉ោង ២២និង ២០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច មុខវត្ដមហាមន្ដ្រីផ្លូវ ព្រះសីហនុ ក្រុម៣ ភូមិ១ សង្កាត់អរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថាជនបង្កឈ្មោះ វុធថូធ វ៉ាន់ ថង ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវសូឡា ភូមិអ័ក គី ដេ សង្កាត់អូរ បែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរដឹកអីវ៉ាន់អនឡាញត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីកើតហេតុនិងដកម៉ូតូ១ គ្រឿងម៉ាកស្គូពីអាយ( Scopy i )ស៊េរី ២០១៩ ពណ៌ស ពាក់ ផ្លាកលេខ: ភ្នំពេញ 1HG-7961 ។
ជនរងគ្រោះមានឈ្មោះ វង្ស ចំណាន ភេទប្រុស អាយុ៤១ ឆ្នាំ ជនជាតិខ្មែរស្នាក់ នៅផ្ទះលេខ ១២៩៥ ផ្លូវជាតិលេខ ៥ ភូមិ ២ សង្កាត់ច្រាំង ចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរនគរបាល ខណ្ឌបឹងកេងកង និងឈ្មោះ ខែម សូ នី ភេទប្រុសអាយុ ២៩ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ភូមិវត្ដចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល មុខរបរនគរបាលផ្នែកអន្ដរាគមន៍ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបន្តថា នៅវេលាកើតហេតុសមត្ថកិច្ចកំពុងប្រតិបតិ្តការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នៅចំណុចមុខវត្ដមហាមន្ដ្រី ផ្លូវព្រះសីហនុ ក្រុម៣ ភូមិ១ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ពេលនោះជនបង្កបើកម៉ូតូឌុបមនុស្សស្រីម្នាក់ដោយមនុស្សស្រីនោះគ្មានពាក់មួកសុវត្ថិភាពត្រឹមត្រូវពេលឃើញសមត្ថកិច្ចក៏បានបត់ម៉ូតូត្រឡប់ក្រោយបញ្ច្រាទិស បម្រុងបើកគេចខ្លួនក៏ជ្រុលបុកសមត្ថកិច្ចនគរបាលម្នាក់កំពុងឈរនៅគោលដៅបណ្ដាលឲ្យដួលពកក្បាលផ្នែកខាងក្រោយរួចជ្រុលទៅបុកសមត្ថកិច្ចម្នាក់ទៀតបណ្ដាល ឲ្យបាក់ជើងខាងស្ដាំ។ ភ្លាមនោះសមត្ថកិច្ចបានឃាត់ជនបង្កបាននៅកន្លែងកើតហេតុរួមនិងម៉ូតូនាំមកប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរឡាំពិកដើម្បីសាកសួរ។ ចំណែកជនរងគ្រោះ ( សមត្ថកិច្ច នគរបាល ) ត្រូវបានរថយន្ដ សង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ មិត្ដភាពខ្មែរសូវៀត ។

បច្ចុប្បន្នជនបង្ករួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕


ប្រភព៖ បងម៉េង ខ្មែរណូត

Share This Post: