សង្គម

រកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ៣២.៥ គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំងធ្វើការដកហូត

BY
srey nuch
June 16, 2020

(ខេត្តកំពង់ឆ្នាំង)៖ នៅថ្ងៃច័ន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នេះមន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យស្រាវជ្រាវនិងទប់ស្កាត់ នូវទំនិញខូចគុណភាពដែលហួសកាលបរិច្ឆេទប្រើប្រាស់ ទំនិញមានប្រើប្រាស់សារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នៅផ្សាររមាស ស្ថិតនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្នុងសកម្មភាពនោះ មន្ត្រីជំនាញបានជ្រើសរើសយកគំរូមួយចំនួន ដើម្បីធ្វើតេស្តរកឃើញនៅសារធាតុហាមឃាត់មានដូចជា៖ ចង្កឹះ ស្ពៃតឿ ម្អម ជីវ៉ាន់ស៊ុយ ត្រីប្រាហើម ក្បាលត្រីប្រឡាក់ ត្រីងៀត។ ជាមួយគ្នានោះមន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
*ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រួមមាន៖
-ទឹកដោះគោចំនួន ២៣ ប្រអប់ ស្មើនឹង ៦.៣ គីឡូក្រាម ។
-ទឹកក្រូចចំនួន ១១ ដប ស្មើនឹង ១៧.៦ គីឡូក្រាម ។
-ស្រាយិនស៊ិន ចំនួន ២៤ ដប ស្មើនឹង ៨.៦ គីឡូក្រាម ។
សរុបទំនិញដែលមន្ត្រីជំនាញដកហូតបានសរុបចំនួន ៣២.៥ គីឡូក្រាម។

បន្ទាប់មក មន្ត្រីសាខា ក.ប.ប ខេត្តកំពង់ឆ្នាំង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការដុតកម្ទេចចោលភ្លាមៗ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹងនិងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

Share This Post: