សង្គម

ធ្លាប់ជាប់គុក៣ដងនៅមិនរៀង ចេញមកឆក់កាបូបគេទៀត សមត្ថកិច្ចចាប់ដាក់គុកជាលើកទី៤

BY
srey nuch
June 17, 2020

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង០៦:១០នាទីព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីឆក់កាបូបមួយកើតទ្បើងនៅចំនុចមុខការ៉ាស់លាងរថយន្តមួយ នៅលេីផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យចំនួន ០២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង (ម៉ាក Click ពណ៌ស ០១គ្រឿង និងម៉ាក ស្កុបពី ពណ៌ខ្មៅ ០១គ្រឿង) បានធ្វើសកម្មភាពឆក់កាបូបដៃពីជនរងគ្រោះឈ្មោះ កុល ប៊ុនលី ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៣៣ ផ្លូវលេខ ២១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានមុខងារ រដ្ឋលេខាធិការ នៅព្រះបរមរាជវាំង ខណៈពេលជនរងគ្រោះកំពុងឈរមើលគេលាង និងជូតរថយន្តរបស់ខ្លួននៅចំនុចកើតហេតុខាងលើ ។


បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង ២ទាបភ្លឺ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ទើបកំណត់បានមុខសញ្ញាសង្ស័យ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក ឧត្ដមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរង និងមានការចង្អុលបង្ហាញចំគោលដៅពីលោក ឧត្ដមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងចុះដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
ជនសង្ស័យខាងលើបានសារភាពថា កាលពីវេលាម៉ោងប្រហែល៥ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ខ្លួននិងឈ្មោះ ខាង សីហា ហៅ សីហា បានចេញពីផ្ទះជួល នៅម្តុំច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូមួយគ្រឿងម៉ាក Click ពណ៌ស ស៊េរីឆ្នាំ២០២០ (មិនចាំស្លាកលេខ) ចំណែកឈ្មោះ ខាង សីហា ជិះម៉ូតូមួយគ្រឿងម៉ាក Scopy ពណ៌ខ្មៅ (គ្មានស្លាកលេខ) ក្នុងគោលបំណងឆ្ពោះទៅផ្សារកណ្តាល ដើម្បីយកទូរសព្ទ័ទៅដាក់បញ្ចាំ ។ ខណៈពេលធ្វើដំណើរដល់ចំនុចកន្លែង លាងរថយន្តតាមបណ្តាយផ្លូវលេខ ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ឃើញបុរសម្នាក់កំពុងឈរនៅចិញ្ចើមថ្នល់ មានកាន់កាបូប ០១ពណ៌ប្រផេះ ឃើញឱកាសល្អឈ្មោះ ខាង សីហា បានជិះម៉ូតូទៅអែបបុររសនោះ ហើយធ្វើ សកម្មភាពឆក់យកកាបូបបានសម្រេច ក៏ជិះគេចខ្លួនចេញពីទីនោះ ដោយមានរូបខ្លួនជាអ្នកជិះម៉ូតូបិទគូថពីក្រោយ ពេលមកដល់បន្ទប់ជួលវិញបើកកាបូបនោះមើលឃើញមានប្រាក់ដុលារចំនួន ២០០០ដុល្លារអាមេរិក និងកាតធនាគារមួយចំនួន ហើយប្រាក់នេះខ្លួនទទួលបានចំនួន ៧០០ដុល្លារអាមេរិក ។

កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ ចំនួន ០៣ដង លើកទី១ ក្នុងឆ្នាំ ២០១៣ ជាប់ពន្ធនាគាររយះពេល ១ឆ្នាំកន្លះ ពីបទ ឆក់, លើកទី២ ក្នុងឆ្នាំ ២០១៥ ជាប់ពន្ធនាគាររយះពេល ១ឆ្នាំ ពីបទ ឆក់ និងលើកទី៣ ក្នុងឆ្នាំ២០១៦ ជាប់ពន្ធនាគាររយះពេល ១០ខែ ពីបទ ឆក់ និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ ។ បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនសំណុំរឿង និងជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: