សង្គម

សាលារៀនអន្តរជាតិ Kids Castle ប្រកាសបិទទ្វារក្ស័យធន់ ព្រោះគ្មានលុយបង់ថ្លៃជួលអគារ ខណៈផ្អាកដោយសារទប់ស្កាត់កូវីដ១៩ តែត្រូវបង់ថ្លៃជួលពេញឲ្យម្ចាស់អគារ ១០០%​ ជារៀងរាល់ខែ

BY
Khmernote Media
June 27, 2020

ស្របពេលដែលវិបត្តិនៃការរីករាលដាលជំងឺ កូវីដ-១៩ នៅលើពិភពលោកហាក់នៅមិនទាន់មានការថមថយនៅឡើយនោះ កម្ពុជាក៏មិនទាន់មានការអនុញ្ញាតអោយមានការបើកសាលារៀនឡើងវិញនៅឡើយទេ ដោយបច្ចុប្បន្នសិស្សទាំងអស់ត្រូវសិក្សាតាមកម្មវិធីអនឡាញ។ ថ្មីៗនេះដែរ សាលារៀនអន្តរជាតិមួយដែលមានឈ្មោះថា សាលារៀនអន្តរជាតិ Kids Castle បានប្រកាសបិទទ្វារ ដោយសារតែក្ស័យធន់ គ្មានលទ្ធភាពទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​ (ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិកគ្រូៗ​។ យោងតាមការចុះផ្សាយរបស់ សាលារៀនអន្តរជាតិ Kids Castle នៅលើបណ្តាញសង្គម Facebook បានអោយដឹងថា៖

“សាលារៀនអន្តរជាតិឃីដខាសលយើងខ្ញុំ​ សូមគោរជូនដំណឹងដល់សាធារណជន​ ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ឱ្យបានជ្រាបថា​សលារៀនយើងខ្ញុំនឹងបិទជាអចិន្ត្រៃយ៍នៅទីតាំងអគារលេខ 95-97 ផ្លូវលេខ7 បុរីពិភពថ្មី​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ប្កចាប់ពីថ្ងៃទី០១​ ខែកក្កដា​ ឆ្នាំ២០២០​ ដោយសារក្ស័យធន់។

មូលហេតុ​ : មិនអាចទ្រាំទ្រនឹងការចំណាយទៅលើថ្លៃជួលអគារ​ (ពេញ១០០%)​ ជារៀងរាល់ខែ​ និងប្រាក់ឧបត្ថម្ភបុគ្គលិកគ្រូៗ​ ខណះពេលដែលសាលាបិទដោយគ្មានកាលកំណត់ច្បាស់លាស់ពីការអនុញ្ញាតឱ្យបើកឡើងវិញពីក្រសួងអប់រំយុវជន​ និងកីឡា។
ស្ថានភាពបច្ចុប្បន្ន: រុះរើចេញពីអគារសាលារៀនបច្ចុប្បន្ន
ផែនការអនាគត​ : សម្លឹងមើលទីតាំងថ្មី​សំរាប់ការរៀបចំសាលាឡើងវិញនៅក្នុងពេលវេលាដ៏សក្តិសម។

ក្នុងនាមខ្ញុំជានាយិការសាលារៀន​ មានការសោកស្តាយ​ និងឈឺចាប់ផ្លូវចិត្តយ៉ាងខ្លាំង ហើយធ្វើការសំរេចចិត្តដ៏លំបាកបំផុត។​ ដើម្បីរក្សា​ និងទ្រទ្រង់ជីវិតសាលារៀនអន្តរជាតិឃីដខាសលនេះ​ ខ្ញុំបានតស៊ូព្យាយាមយ៉ាងលំបាកអស់ពីលទ្ធភាពចាប់តាំងពីពាក់កណ្តាលខែមិនា​ រហូតមកដល់បច្ចុប្បន្ន។​ ការចំណាយធនធានហិរញ្ញវត្ថុមានជាប្រចាំខែ​ ឯការរង់ចាំឱ្យមានការបើកសាលារៀនឡើងវិញគ្មានកាលកំណត់ច្បាស់លាស់​ ហើយក៏គ្មានការជួយឧបត្ថម្ភទ្រទ្រង់​ ឬការយល់យោគពីភាគីពាក់ព័ន្ធណាមួយឡើយ​ [ភាគីពាក់ព័ន្ធ​ មិនសំដៅទៅលើអាណាព្យាបាលសិស្សឡើយ]។ ខ្ញុំសូមអភ័យទោស ដល់អស់លោក​ លោកស្រីដែលជាអាណាព្យាបាលសិស្សទាំងអស់ចំពោះការលំបាកណាមួយក្នុងការអាក់ខាននេះ​ ហើយខ្ញុំក៏សូមការយល់យោគពីសំណាក់អស់លោក​ លោកស្រីផងដែរចំពោះកាល:ទេស:​ និងស្ថានភាពដ៏លំបាកនេះ។ សូមជូនពរកូនសិស្សទាំងអស់ឱ្យមានសុខភាពល្អ​ បញ្ញាវាងវៃ​ មានសុភមង្គលគ្រប់ក្រុមគ្រួសារ​ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោក​ លោកស្រីដែលជាអាណាព្យាបាលសិស្សទាំងអស់ចំពោះការគាំទ្រសាលារៀនយើងខ្ញុំរហូតមក។

<ចំណាំ>
ពេលខ្លះសេវាទូរស័ព្ទរបស់ខ្ញុំនៅក្នុងផ្ទះខ្សោយ​ រអាក់រអួលពិបាកទាក់ទង​ 068 212 888។ សូមអធ្យាស្រ័យ​។​ រាល់ចំងល់ក៏ដូចជាព័ត៌មានបន្ថែមណាមួយ​ សូមអស់លោក​ លោកស្រីមេត្តាទាក់ទងតាមសារនៅក្នុង​ page នេះ។”

Share This Post: