អន្តរជាតិ

ថ្នាំ Remdesivir ដែលល្បីថាមានប្រសិទ្ធិភាពជាមួយជំងឺកូវីដ១៩ មានតម្លៃជាង ២,០០០ ដុល្លារអាមេរិកសម្រាប់ការព្យាបាលរយៈពេល ៥ថ្ងៃ

BY
autoadmin
June 30, 2020

រាល់អ្នកជំងឺ COVID-19 ត្រូវបានគេរំពឹងថា នឹងត្រូវចំណាយប្រាក់ក្នុងម្នាក់ ២,៣៤០ ដុល្លារអាមេរិក សម្រាប់ការព្យាបាលដោយឱសថ Remdesivir ហើយថ្នាំនេះសព្វថ្ងៃស្ថិតនៅក្រោមការអភិវឌ្ឍដោយក្រុមហ៊ុនឱសថ Gilead Sciences ដែលមានមូលដ្ឋាននៅអាមេរិក។ ប្រធាននិងជានាយកប្រតិបត្តិក្រុមហ៊ុនឱសថ Gilead Sciences លោក Daniel O’Day បានបញ្ជាក់ថា តម្លៃសម្រាប់លក់ទៅឱ្យរដ្ឋាភិបាលនៃប្រទេសអភិវឌ្ឍន៍គឺ ៣៩០ដុល្លារ ក្នុងមួយកូនដបថ្នាំ ហើយខណៈដែលអ្នកជំងឺ COVID-19 ត្រូវការជាមធ្យម ៥ថ្ងៃ ក្នុងការព្យាបាលជំងឺដោយប្រើថ្នាំ Remdesivir វាអាចនឹងមានតម្លៃ ២,៣៤០ ដុល្លារអាមេរិក សម្រាប់អ្នកជំងឺម្នាក់ៗ។

ក្រុមហ៊ុននេះបាននិយាយថា តម្លៃរបស់ Remdesivir គឺដូចគ្នាទាំងអស់មិនថាលក់ទៅនរណានោះទេ ដើម្បីកុំឱ្យពិបាកក្នុងការចរចា។ សម្រាប់អ្នកជំងឺដែលមានធានារ៉ាប់រង គេអាចនឹងត្រូវចំណាយ ៣,១២០ ដុល្លារ ក្នុងរយៈពេល ៥ថ្ងៃ នៃការព្យាបាល ហើយសម្រាប់អ្នកដែលប្រើពេលយូរក្នុងការព្យាបាលរហូតដល់ ១០ថ្ងៃ នឹងត្រូវចំណាយ ៤,២៩០ ដុល្លារ ឬ ៥,៧២០ ដុល្លារ សម្រាប់អ្នកដែលមានធានារ៉ាប់រង ។ លោក Daniel O’Day បានពន្យល់ថា ការប្រើប្រាស់ថ្នាំ Remdesivir បានកាត់បន្ថយរយៈពេលនៃការជាសះស្បើយឡើងវិញ ដោយក្នុងរយៈពេលជាមធ្យមគឺ ៤ថ្ងៃ ហើយបើប្រៀបនៅសហរដ្ឋអាមេរិក វាអាចសន្សំប្រាក់អ្នកជំងឺម្នាក់ៗរហូតដល់ ១២,០០០ ដុល្លារ ដូច្នេះហើយក្រុមហ៊ុនសម្រេចថាលក់វាក្នុងតម្លៃនេះ នេះបើតាមការចុះផ្សាយរបស់ NHK ៕

អត្ថបទ៖ លីដា
ប្រភព៖ RT, NHK

Share This Post: