យុវជនថៃម្នាក់ត្រូវចាប់ខ្លួនក្រោយធ្វើសកម្មភាពលក់វ៉ាក់សាំងកូវីដ ១៩ ក្លែងក្លាយតាម Facebook និងអាចប្រមូលប្រាក់បានជាង ៦ពាន់ដុល្លារ
ថៃ៖ ប៉ូលិសប្រឆាំងបទល្មើសបច្ចេកវិទ្យាថៃបានចាប់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមបណ្តាញសង្គម Facebook ដោយជនសង្ស័យបានប្រកាសលក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្លែងក្លាយ និងអាចរកប្រាក់បានប្រមាណជា ២០០,០០០ បាត (ជាង ៦ ពាន់ដុល្លារអាមេរិក)។ ជនសង្ស័យមានឈ្មោះថា Thapakorn Kaewsri អាយុ ២០ឆ្នាំត្រូវបានចាប់ខ្លួននៅក្នុងសណ្ឋាគារមួយកន្លែងក្នុងខេត្ត Prachin Buri ខណៈដែលនាពេលកន្លងមកជនសង្ស័យរូបនេះក៏ធ្លាប់ត្រូវបានតុលាការថៃកាត់ទោសឲ្យជាប់គុករយៈពេល ៣ ឆ្នាំរួចម្តងហើយពីបទបោកប្រាស់ប្រជាពលរដ្ឋតាមប្រព័ន្ធ Online ដូចនេះគ្នា តែពេលនោះជនសង្ស័យត្រូវអនុញ្ញាតឲ្យអនុវត្តទោសជាប់ឃុំឃាំងត្រឹមតែរយៈពេល ១ ឆ្នាំ និង ៦ ខែប៉ុណ្ណោះ ហើយរូបគេត្រូវបានដោះលែងឲ្យមានសេរីភាពវិញកាលពីខែ កញ្ញា ឆ្នាំមុខនេះ។

បើតាមលោកឧត្តមសេនីយ៍ទោ Kornchai Khlaiklueng បានបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យរូបនេះត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងរបស់ពលរដ្ឋចំនួន ៥០ នាក់ ដែលជាជនរងគ្រោះក្នុងល្បិចឆបោកប្រាក់ទិញវ៉ាក់សាំងនេះ។ លោកបានបន្តថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះជនសង្ស័យបានអះអាងតាមបណ្តាញសង្គម Facebook ថា គាត់មានវ៉ាក់សាំងកូវីដ ១៩ជាច្រើនប្រភេទដូចជា Moderna និង Sinopharm ដែលគាត់បានបញ្ជាទិញដោយផ្ទាល់ពីមន្ទីរពេទ្យឯកជន ហើយបើអ្នកណាចង់ទិញវ៉ាក់សាំងនេះយកទៅប្រើប្រាស់បន្តគាត់នឹងលក់ជូនក្នុងតម្លៃ ៣,៣០០ បាត (៩៩,៥០ ដុល្លារអាមេរិក) សម្រាប់វ៉ាក់សាំងចំនួន ២ដូស។ ដើម្បីទទួលបានវ៉ាក់សាំងនេះក្រុមអ្នកទិញត្រូវតែផ្ញើលុយទៅកាន់ជនសង្ស័យមុន តែតាមការពិតគឺជនសង្ស័យគ្មានវ៉ាក់សាំងនៅក្នុងដៃនោះទេហើយគាត់ក៏មិនបានផ្ញើអ្វីត្រលប់ទៅកាន់ក្រុមអ្នកទិញវិញដែរ ខណៈប្រាក់ដែលប្រមូលបានទាំងអស់នោះគឺជនសង្ស័យបានចាយសម្រាប់ការលេងហ្គេម Online អស់ទៅហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍