ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិង្ហបុរីនឹងតម្រូវឲ្យបុគ្គលិកក្នុងវិស័យមួយចំនួនត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ឬត្រូវធ្វើតេស្តឲ្យបានទៀងទាត់ ២ ដងក្នុង ១សប្តាហ៍មុននឹងទៅបំពេញការងារ

    BY Pheakdey August 7, 2021
    សិង្ហបុរីនឹងតម្រូវឲ្យបុគ្គលិកក្នុងវិស័យមួយចំនួនត្រូវតែចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ឬត្រូវធ្វើតេស្តឲ្យបានទៀងទាត់ ២ ដងក្នុង ១សប្តាហ៍មុននឹងទៅបំពេញការងារ

    សិង្ហបុរី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែ​តុលានេះតទៅអាជ្ញាធរសិង្ហបុរីនឹងដាក់ចេញនូវវិធានការថ្មីមួយគឺតម្រូវឲ្យក្រុមបុគ្គលិកនិយោជិកក្នុងវិស័យមួយចំនួននៅទូទាំងប្រទេសត្រូវតែចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ទើបអនុញ្ញាតឲ្យពួកគេអាចចូលទៅធ្វើការងារបាន ខណៈអ្នកដែលពុំទាន់មានសិទ្ធចាក់វ៉ាក់សាំងនឹងតម្រូវឲ្យធ្វើតេស្តរកជំងឺកូវីដ ១៩ ឲ្យបានទៀងទាត់បំផុត។ បើតាមលោក Gan Kim Yong ដែលជាសហប្រធាននៃក្រុមការងារពហុក្រសួងបានបញ្ជាក់ថា ក្រុមបុគ្គលិកនិយោជិកដែលត្រូវអនុវត្តវិធានការខាងលើនេះរួមមាន បុគ្គលិកក្នុងវិស័យវេជ្ជសាស្រ្ត បុគ្គលិកក្នុងសេវាមើលថែមនុស្សចាស់ និងក្រុមបុគ្គលិកដែលត្រូវមើលថែឬធ្វើការពាក់ព័ន្ធជាមួយកុមារដែលមានអាយុក្រោម ១២ ឆ្នាំ។

    លោក Gan Kim Yong បាបន្តថា សម្រាប់ក្រុមពលរដ្ឋដែលមិនទាន់មានសិទ្ធចាក់វ៉ាក់សាំងត្រូវតែធ្វើរកជំងឺកូវីដ ១៩ ឲ្យបានទៀងទាត់ ២ ដងក្នុង ១ សប្តាហ៍ ហើយរដ្ឋាភិបាលនឹងជួយចេញថ្លៃចំពោះការទិញឧបករណ៍សម្រាប់ធ្វើតេស្តនោះផងដែរ។ បើតាមអាជ្ញាធរសិង្ហបុរីបានឲ្យដឹងថា តាមរយៈការដាក់ចេញនូវវិធានការនេះគឺវានឹងជួយទប់ស្កាត់ការចម្លងជំងឺកូវីដ ១៩ នៅក្នុងសហគមន៍បានមួយផ្នែកធំ បើទោះជាវិធានការនេះត្រូវចំណាយលុយច្រើនក៏ដោយ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះសិង្ហបុរីបានសម្រេចការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ជូនពលរដ្ឋបានចំនួនជាង ៣,៦ លាននាក់ ឬស្នើនឹង ៦២% នៃប្រជាពលរដ្ឋសរុបជាង ៥,៧ លាននាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Channel News Asia

    Share This Post: