ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋអ៊ីស្រាអែល ១៤នាក់ក្នុងចំណោម ៤សែននាក់ដែលបានចាក់វ៉ាក់សាំងដូសទី ៣រួចបានតេស្តវិជ្ជមានកូវីដ ១៩

    BY Pheakdey August 9, 2021
    ពលរដ្ឋអ៊ីស្រាអែល ១៤នាក់ក្នុងចំណោម ៤សែននាក់ដែលបានចាក់វ៉ាក់សាំងដូសទី ៣រួចបានតេស្តវិជ្ជមានកូវីដ ១៩

    អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលនៃប្រទេសអ៊ីស្រាអែលបានឲ្យដឹងតាមរយៈសារព័ត៌មាន Jerusalem Post ថា ក្នុងចំណោមពលរដ្ឋខ្លួនចំនួន ៤០០,០០០នាក់ ដែលបានចាក់វ៉ាក់សាំងកូវីដ ១៩ ដូសទី ៣រួចនោះ គឺមានពលរដ្ឋចំនួន ១៤ នាក់បានឆ្លងជំងឺកូវីដ ១៩។ ប្រភពខាងលើបានបញ្ជាក់ទៀតថា ក្នុងចំណោមពលរដ្ឋទាំង ១៤ នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ នោះគឺមានអ្នកជំងឺ ២ នាក់ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ តែស្ថានភាពសុខភាពរបស់ពួកគាត់គឺមិនធ្ងន់ធ្ងរខ្លាំងនោះទេ ពោលគឺមិនប៉ះពាល់ដល់អាយុជីវិតឡើយ។

    បើតាមលោក Cyrille Cohen ដែលជាប្រធានមន្ទីរពិសោធន៍ប្រព័ន្ធភាពស៊ាំនៅសាកលវិទ្យាល័យ Bar-Ilan បានបញ្ជាក់ថា ពលរដ្ឋ ១៤ នាក់ដែលបានឆ្លងជំងឺកូវីដ ១៩ នោះគឺបានឆ្លងក្នុងរយៈពេល ៧ ថ្ងៃ ឬច្រើនថ្ងៃជាងនេះ គិតចាប់តាំងពីពេលបានចាក់វ៉ាក់សាំងដូសទី ៣រួចមក។ ប្រធានមន្ទីរពិសោធន៍រូបនេះបានបន្តថា ករណីឆ្លងកូវីដ ១៩ ក្រោយចាក់វ៉ាក់សាំងដូសទី ៣ ខាងលើនេះ គឺមិនមែនជារឿងអាក្រក់នោះទេ ព្រោះក្រុមពលរដ្ឋទាំងអស់នោះគឺសុទ្ធតែជាមនុស្សមានអាយុលើសពី ៦០ឆ្នាំ និងមានប្រព័ន្ធការពាររាងកាយចុះខ្សោយស្រាប់ទៅហើយ ខណៈជាទូទៅគឺក្រុមពលរដ្ឋប្រភេទនេះឯងដែលមានហានិភ័យក្នុងការឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេសម្រាប់នៅក្នុងប្រទេសអ៊ីស្រាអែល។ លោក Cyrille Cohen បានបញ្ជាក់ទៀតថា បើគិតជាភាគរយវិញចំនួនអ្នកឆ្លងនេះគឺមានកម្រិតទាបណាស់ ដោយ ១៤នាក់ក្នុងចំណោម ៤០០,០០០នាក់ គឺស្មើនឹង ០,០០៣៥%ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Jerusalem Post

    Share This Post: