ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុគ្គលិកសុខាភិបាលថៃនឹងទទួលបានសិទ្ធពិសេសមួយ ដែលអាចការពារពួកគាត់មិនឲ្យរងនូវពាក្យបណ្តឹងតាមប្រព័ន្ធច្បាប់

    BY Pheakdey August 10, 2021
    បុគ្គលិកសុខាភិបាលថៃនឹងទទួលបានសិទ្ធពិសេសមួយ ដែលអាចការពារពួកគាត់មិនឲ្យរងនូវពាក្យបណ្តឹងតាមប្រព័ន្ធច្បាប់

    ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងផ្តល់អភ័យឯកសិទ្ធពិសេសមួយចំពោះក្រុមបុគ្គលិកសុខាភិបាលនិងបុគ្គលិកដែលមានការងារពាក់ព័ន្ធជាមួយនិងអ្នកជំងឺកូវីដ ១៩​ ខណៈដែលអភ័យឯកសិទ្ធនោះនឹងជួយការពារក្រុមបុគ្គលិកទាំងនេះមិនឲ្យរងនូវពាក្យបណ្តឹងតាមផ្លូវច្បាប់មួយចំនួនបាន។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈថៃបានបញ្ជាក់ថា គោលបំណងនៃការផ្តល់អភ័យឯកសិទ្ធនេះគឺដើម្បីលើកទឹកចិត្តឲ្យក្រុមលបុគ្គលិកក្នុងវិស័យអទិភាពទាំងនេះអាចបំពេញភារកិច្ចរបស់ពួកគេប្រកបដោយទំនុកចិត្តនិងគ្មានការព្រួយបារម្ភពីការចោទប្រកាន់ផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃការងារចាំបាច់ជាច្រើនក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ ១៩។ រដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ថា អភ័យឯកសិទ្ធនេះនឹងមានប្រសិទ្ធភាពក្នុងករណីដែលក្រុមបុគ្គលិកសុខាភិបាលបានបំពេញការងារប្រកបដោយភាពស្មោះត្រង់ គ្មានការរើសអើង ពោលគឺពួកគាត់បានបំពេញការងារប្រកបដោយវិជ្ជាជីវៈរួចហើយ ប៉ុន្តែត្រូវប្រឈមនឹងការចោទប្រកាន់ផ្សេងៗទៀត។

    គួរកត់សម្គាល់ថា និន្នាការថ្មីនេះបានកើតឡើងក្រោយរដ្ឋាភិបាលថៃបានរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណៈជនចំពោះដំណើរការនៃការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ និងចំពោះភាពយឺតយ៉ាវក្នុងការជួយព្យាបាលអ្នកជំងឺជាដើម ខណៈអាជ្ញាធរថៃបានមើលឃើញថាក្រុមបុគ្គលិកសុខាភិបាលបានព្យាយាមអស់ពីលទ្ធភាពហើយ។ ក្រុមបុគ្គលិកដែលនឹងទទួលបានអភ័យឯកសិទ្ធ ឬសិទ្ធធានាតាមផ្លូវច្បាប់នេះមានដូចជា បុគ្គលិកសុខាភិបាលជួរមុខ បុគ្គលិកស្ម័គ្រចិត្តសុខាភិបាលនៅតាមសហគមន៍ អ្នកដែលធ្វើការងារពាក់ព័ន្ធក្នុងដំណើរការទិញវ៉ាក់សាំង ថ្នាំពេទ្យ និងសម្ភារៈបរិក្ខាពេទ្យ​ ក្រុមបុគ្គលិករដ្ឋឬឯកជនដែលធ្វើការងារនៅក្នុងមន្ទីរពេទ្យ និងក្រុមអ្នកបើករថយន្តសង្គ្រោះបន្ទាន់ផងដែរ។ សូមបញ្ជាក់ថា គិតត្រឹមពេលនេះសេចក្តីព្រាងអំពីការផ្តល់ជូនអភ័យឯកសិទ្ធនេះត្រូវបានក្រសួងសុខាភិបាលថៃរៀបចំរួចរាល់ហើយ ខណៈគេរំពឹងថាគណៈរដ្ឋមន្ត្រីនឹងអនុម័តក្នុងពេលឆាប់ៗនេះផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: