ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសឥណ្ឌាវ័យ ៧០ឆ្នាំម្នាក់បានត្រលប់ទៅផ្ទះវិញយ៉ាងភ្ញាក់ផ្អើលបំផុត ក្រោយបាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់យន្តហោះអស់ ៤៥ឆ្នាំ

    BY Pheakdey August 10, 2021
    បុរសឥណ្ឌាវ័យ ៧០ឆ្នាំម្នាក់បានត្រលប់ទៅផ្ទះវិញយ៉ាងភ្ញាក់ផ្អើលបំផុត ក្រោយបាត់ខ្លួនក្នុងហេតុការណ៍ធ្លាក់យន្តហោះអស់ ៤៥ឆ្នាំ

    ឥណ្ឌា៖ បុរសជនជាតិឥណ្ឌាវ័យ ៧០ម្នាក់ដែលត្រូវបានគេជឿថា បានស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពី ៤៥ឆ្នាំមុននោះ ស្រាប់តែកាលពីពេលថ្មីៗនេះគាត់បានត្រលប់ទៅជួបគ្រួសារវិញនិងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមសាច់ញាតិនិងពលរដ្ឋវ័យចាស់ៗនៅក្នុងសហគមន៍ដែលគាត់ធ្លាប់រស់នៅកាលពីក្មេង។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា បុរសអាថ៌កំបាងរូបនេះមានឈ្មោះ Sajjad Thangal មានកន្លែងកំណើតនៅក្នុងក្រុង Kollam នៃប្រទេសឥណ្ឌា ហើយកាលពី ៤៥ ឆ្នាំមុនគាត់គឺជាបុគ្គលឆ្នើមម្នាក់នៅក្នុងក្រុមការងារ ដោយរូបគាត់បានទទួលបេសកម្មទៅទស្សនៈកិច្ចក្នុងប្រទេសប្រេងកាតជាច្រើននៅជុំវិញពិភពលោក។

    ប្រភពខាងលើបានរម្លឹកថា កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៧៦ យន្តហោះដែលលោក Sajjad Thangal និងក្រុមការងារគ្រោងជិះត្រលប់ពីប្រទេសអារ៉ាប់រួមមកាន់ឥណ្ឌាវិញនោះបានធ្លាក់នៅក្នុងក្រុងបុមបៃប្រទេសឥណ្ឌា និងបានសម្លាប់អ្នកដំណើរជាច្រើនរួមទាំងក្រុមការងាររបស់គាត់ទាំងអស់ផងដែរ។ យ៉ាងណាក្តី ជាសំណាងល្អពេលនោះលោក Sajjad Thangal មិនមានវត្តមាននៅក្នុងយន្តហោះគ្រោះថ្នាក់នោះឡើយ ព្រោះគាត់បានមកខកម៉ោងចេញដំណើរ ហើយត្រូវប្តូរទៅជិះហោះមួយផ្សេងៗទៀត។ បើទោះជាយ៉ាងនេះក្តី ក្រោយបាត់បង់មិត្តរួមការងារទាំងអស់ ហើយគម្រោងអាជីវកម្មដ៏ធំរបស់គាត់ក៏ត្រូវរលាយបាត់ដែរនោះ លោក Sajjad Thangal បានកើតមានជំងឺសតិអារម្មណ៍យ៉ាងខ្លាំង លែងចង់ត្រលប់ទៅផ្ទះវិញ និងបានសម្ងំរស់នៅបែបតែលតោលម្នាក់ឯងក្នុងក្រុងបុមបៃតាំងពីពេលនោះមក ខណៈក្រុមគ្រួសាររបស់គាត់គិតថា គាត់ស្លាប់បាត់ទៅហើយ។ ក្រោយមកទៀតលោក Sajjad Thangal បានទៅរស់នៅក្នុងអង្គការសប្បុរសធម៌មួយ ហើយគេក៏បានជួយព្យាបាលជំងឺសតិអារម្មណ៍របស់គាត់ឲ្យវិលមករកភាពធម្មតាវិញដែរ។ ជាងនេះទៀត ខាងអង្គការក៏បានស្រាវជ្រាវរកឃើញថា ម្តាយអាយុ ៩៥ របស់លោក  Sajjad Thangal នៅមិនទាន់ស្លាប់នោះទេ ហើយគេក៏បានជួយរៀបចំឲ្យរូបគាត់បានត្រលប់មកជួបជុំគ្រួសារវិញតែម្តងកាលពីដើមខែសីហានេះ៕

    លោក Sajjad Thangal និងម្តាយអាយុ ៩៥ ឆ្នាំ

    អត្ថបទ៖ ភក្តី

    ប្រភព៖ World of Buzz

    Share This Post: