អន្តរជាតិ

បុរសមានជំងឺខ្សោយក្រលៀនម្នាក់ស្រាប់តែមានឈាមពណ៌ស ក្រោយមានទម្លាប់ញ៉ាំនំសែនព្រះខែ ៤ ដុំក្នុងមួយថ្ងៃ

BY
Khmernote Media
September 12, 2019

ចិន៖បុរសដែលមានជំងឺខ្សោយក្រលៀនប្រចាំកាយម្នាក់បានធ្វើឲ្យវេជ្ជបណ្ឌិតភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយគេបានរកឃើញថា ឈាមរបស់គាត់ប្រែជាមានពណ៌សបែបទឹកដោះគោទៅវិញ។ បុរសរងគ្រោះដែលឈាមរបស់គាត់មានពណ៌ខុសប្រក្រតីនេះមានឈ្មោះថា Wang រស់នៅក្នុងខេត្ត Wang ភាគខាងត្បូងប្រទេសចិន។ មុនពេលឈាមរបស់គាត់ក្លាយទៅជាយ៉ាងនេះ បុរសរងគ្រោះបានបង្កើតទម្លាប់ញ៉ាំអាហារដ៏អាក្រក់មួយ គឺញ៉ាំនំសែនព្រះខែចំនួន ៤ ដុំរាល់ថ្ងៃក្នុងរយៈពេល ៤ ខែ។

សូមបញ្ជាក់ជូនប្រិយមិត្តថា នំសែនព្រះខែគឺជាប្រភេទនំមានកាឡូរីខ្ពស់បំផុត​ ដែលជាមធ្យមនំមួយដុំអាចផ្ដល់ថាមពលរហូតដល់ ៧១៦ ការឡូរី ហើយបើយើងធ្វើការប្រៀបធៀបទៅនឹងទឹកក្រូចកូកាកូឡាចំណុះ ៣៣០​ មីលីលីត្រមួយកំប៉ុង ដែលមានថាមពលត្រឹមតែ ១៣៩​ កាឡូរីនោះ មានន័យថាញ៉ាំនំសែនព្រះខែមួយដុំស្មើនឹងញ៉ាំទឹកក្រូចកូកាកូឡាជាង ៥ កំប៉ុងឯណោះ។​

តាមវេជ្ជបណ្ឌិតរបស់បុរសជនរងគ្រោះខាងលើបានពន្យល់ថា បុរសជាជនរងគ្រោះមានបញ្ហាខ្សោយក្រលៀនស្រាប់ដែលធ្វើរាងកាយរបស់គាត់មិនអាចបំលែងជាតិស្ករក្នុងចំណីអាហារបានល្អនោះទេ ហើយដោយគាត់ញ៉ាំអាហារមានផ្ទុកការឡូរីខ្ពស់ជាប្រចាំទៀតនោះ ទើបធ្វើឲ្យកម្រិតជាតិស្ករនៅក្នុងឈាមរបស់កើនឡើងខ្ពស់ខ្លាំង និងមានពណ៌ខុសប្រក្រតីតែម្តង។

យោងតាមលទ្ធផលធ្វើតេស្តិ៍ឈាមរបស់បុរសរងគ្រោះបានបង្ហាញថា ក្នុងឈាមរបស់គាត់មានកម្រិតទ្រីគ្លីសេរីដរហូតដល់ ១៦,៦ mmol/L ខណៈក្នុងឈាមមនុស្សធម្មតា ទ្រីគ្លីសេរីដមានតម្រិតត្រឹមតែ ១,៧ mmol/L​ ប៉ុណ្ណោះ (ច្រើនជាងធម្មតាជិត ១០ ដង)។​ ដើម្បីរក្សាសុខភាពឲ្យបានល្អសុំប្រិយមិត្តកាត់បន្ថយការញ៉ាំអាហារដែលមានកាឡូរីខ្ពស់ ហើយបើជ្រុលជាញ៉ាំវាទៅហើយត្រូវតែប្រឹងធ្វើលំហាត់ប្រាណដើម្បីដុតបំផ្លាញកាឡូរីឲ្យអស់វិញ មុនពេលវាស្តុកនៅក្នុងរាងកាយយើងក្នុងកម្រិតច្រើនដែលអាចបង្កទៅជាបញ្ហាផ្សេងៗបាន៕

អត្ថបទ៖ ភក្តី

Share This Post: