អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ត្រូវអាជ្ញាធរបង្កាប់ឱ្យបង់ប្រាក់ជាង ២ពាន់ដុល្លារទៅកាន់អ្នកដំណើរ២រូប ជុំវិញករណីកៅអីអង្គុយគាំងមិនអាចចុចឱ្យផ្តេកទៅក្រោយបាន

BY
Pheakdey
April 27, 2024

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ត្រូវបានអាជ្ញាធរបង្កាប់ឱ្យ​បង់ប្រាក់សងជំងឺចិត្តចំនួន ៣,៣០០ ដុល្លារសិង្ហបុរី (២,៤២១ដុល្លារអាមេរិក) ទៅកាន់អតិថិជនចំនួន ២រូបជុំវិញករណីដែលកៅអីអង្គុយនៅក្នុងយន្តហោះគាំងមិនមិនអាចចុចបញ្ជាឱ្យផ្តេកទៅក្រោយបាន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែមេសានេះ។ ករណីដ៏កម្រនេះបានកើតឡើងនៅក្នុងជើងហោះហើរមួយដែលមានគោលដៅធ្វើដំណើរចេញពីទីក្រុង Hyderabad នៃប្រទេសឥណ្ឌាឆ្ពោះទៅកាន់ប្រទេសអូស្រ្តាលី។

ប្រភពខាងលើបានបន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ ហើយនៅក្នុងថ្ងៃហេតុនោះលោក Ravi Gupta និងភរិយារបស់គាត់បានទិញសំបុត្រយន្តហោះក្នុងតម្លៃ ១៣៣,៥០០រូពី (១,៦០០ដុល្លារអាមេរិក) សម្រាប់ការធ្វើដំណើរដែលមានរយៈពេល ១៤ម៉ោង។ ដោយកៅអីមានបញ្ហាមិនអាចចុចឱ្យផ្តេកទៅក្រោយបានអ្នកដំណើរទាំង ២នាក់ប្តីប្រពន្ធមិនអាចសម្រាកបានស្រួលឡើយ ពោលគឺពួកគេបានត្រឹមតែអង្គុយរហូត ហើយក្រោយពេលចុះពីលើយន្តហោះពួកគាត់ក៏បានសម្រេចដាក់ពាក្យប្តឹងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដើម្បីទាមទារប្រាក់សំណងជំងឺចិត្តតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: