អន្តរជាតិ

អាជ្ញាធរអាមេរិកបើកការស៊ើបអង្កេតទៅលើក្រុមហ៊ុន ​Tesla ជុំវិញករណីដែលក្រុមហ៊ុនប្រកាសប្រមូលរថយន្តជាង ២លានគ្រឿងចូលក្រុមហ៊ុនវិញដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ “បើកបរដោយស្វ័យប្រវត្តិ”

BY
Pheakdey
April 27, 2024

អាមេរិក៖ និយតករសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិកបានជូនដំណឹងថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំមួយទៅលើក្រុមហ៊ុនផលិតរថយន្ត Tesla ជុំវិញករណីដែលក្រុមហ៊ុនបានប្រមូលរថយន្តជាង ២លានគ្រឿងចូលក្នុងក្រុមហ៊ុនវិញដើម្បីធ្វើបច្ចុប្បន្នភាពមុខងារ “បើកបរដោយស្វ័យប្រវត្តិ” (Autopilot)​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៧ ខែមេសានេះ។ សេចក្តីជូនដំណឹងខាងនេះត្រូវបានធ្វើឡើងស្របពេលដែលក្រុមហ៊ុន Tesla កំពុងតែជម្រុញមុខងារ Autopilot យ៉ាងខ្លាំងនៅក្នុងទីផ្សារលក់រថយន្តជំនាន់ថ្មីរបស់ខ្លួន។

គួររម្លឹកជូនថា កាលពីឡុងខែធ្នូ ឆ្នាំ២០២៣កន្លងទៅក្រុមហ៊ុន Tesla បានប្រកាសឱ្យម្ចាស់រថយន្តជាង ២លានគ្រឿងនៅទូទាំងសហរដ្ឋអាមេរិកត្រូវយករថយន្តមកកាន់ក្រុមហ៊ុនវិញ ដើម្បីឱ្យក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពមុខងារ Autopilot ដ្បិតអាជ្ញាធរអាមេរិកបានរកឃើញថា មានគ្រោះថ្នាក់ចំនួន ២០ករណីបានកើតឡើងដោយតែមុខងារ Autopilot នៅក្នុងរថយន្ត Tesla មួយចំនួន។ សម្រាប់ការស៊ើបអង្កេតខាងលើនេះគឺអាជ្ញាធរអាមេរិកចង់ដឹងឱ្យបានច្បាស់ថា តើក្រុមហ៊ុន Tesla បានធ្វើបច្ចុប្បន្នភាពទៅលើមុខងារ Autopilot បានត្រឹមត្រូវតាមការកំណត់ហើយឫនៅ និងចង់ដឹងឱ្យបានច្បាស់ថា មុខងារ Autopilot ថ្មីរបស់ក្រុមហ៊ុន Tesla មានប្រសិទ្ធភាពក្នុងកម្រិតណាដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: