អន្តរជាតិ

អាហារ ៣ប្រភេទ សម្រាប់ជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ក្នុងអំឡុងមានការផ្ទុះឡើងនៃវីរុសកូវីដ១៩

BY
autoadmin
April 1, 2020

វីរុស COVID-19 សព្វថ្ងៃនេះកាន់តែមានករណីកើនឡើងខ្ពស់ ដែលធ្វើឱ្យគ្រប់គ្នាកាន់តែមានភាពភ័យខ្លាច។ វាបានចាប់ផ្តើមផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះនៅតែមិនទាន់មានវ៉ាក់សាំងសម្រាប់ការពារវីរុសនេះនៅឡើយទេ។ ការការពារជាមូលដ្ឋានសម្រាប់វា គឺការពាក់ម៉ាស់ ការទទួលទានអាហារឆ្អិនល្អ មានអនាម័យក្នុងការរស់នៅ សម្អាតដៃឱ្យបានញឹកញាប់ កុំប៉ះមុខមាត់ កុំទៅរកហ្វូងមនុស្ស និងរក្សាគម្លាតជាដើម។

ប៉ុន្តែអ្វីដែលសំខាន់បំផុតសម្រាប់ខ្លួនរបស់យើងបន្ថែមទៀត ការហាត់ប្រាណ របបអាហារល្អ និងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង។ ខាងក្រោមនេះជារបស់ ៣ប្រភេទ ដែលអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើង ណែនាំដោយ វេជ្ជ. Anongnuch Chavalitthamrong វេជ្ជបណ្ឌិតជំនាញនៅមជ្ឈមណ្ឌល ADD-LIFE Anti-Aging ក្នុងទីក្រុងបាងកកប្រទេសថៃ៖

១. Ascorbic Acid – វីតាមីន C

ទិន្នន័យពីការស្រាវជ្រាវវេជ្ជសាស្ត្របង្ហាញថា វីតាមីន C មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ រួមទាំងការពង្រឹងភាពស៊ាំប្រឆាំងនឹងជំងឺឆ្លង ហើយអ្នកដែលមានកម្រិតវីតាមីន C ខ្ពស់នៅក្នុងខ្លួន នឹងជាសះស្បើយពីជំងឺមួយចំនួនដូចជាជំងឺផ្តាសាយ។ វីតាមីន C ភាគច្រើនត្រូវបានគេរកឃើញនៅក្នុងផ្លែឈើស្រស់ និងបន្លែ ជាពិសេសក្រូចឆ្មារ រួមទាំងផ្លែក្រូច ក្រូចថ្លុង ក៏ដូចជាបន្លែមួយចំនួនដូចជា ខាត់ណាបៃតង ផ្កាខាត់ណា និងប៉េងប៉ោះជាដើម។

២. ខ្ទឹមស

វាមិនអាចព្យាបាលវីរុសកូរ៉ូណានោះទេ ប៉ុន្តែវាមានគុណប្រយោជន៍សម្រាប់សុខភាព។ ចំពោះលក្ខណៈសម្បត្តិរបស់សារធាតុអាលីស៊ីលីន (Allicin) ក្នុងខ្ទឹមស វាដើរតួប្រឆាំងនឹងបាក់តេរី និងភ្នាក់ងារបង្ករោគជាច្រើនទៀត។ វាជួយដល់ប្រព័ន្ធឈាមរត់ ធ្វើឱ្យប្រសើរឡើងនូវកោសិកាឈាមស និងកោសិកាឈាមក្រហម ដែលជាលទ្ធផលជួយដល់ភាពស៊ាំរបស់មនុស្ស។ អ្នកដែលឧស្សាហ៍បរិភោគខ្ទឹមសនៅក្នុងរបបអាហារ ត្រូវបានគេមើលឃើញថា មិនងាយឈឺ ហើយឆាប់ជាពីជំងឺ។

៣. ប្រ​ភេទ​ផ្កា​ឈ្មោះ Echinacea

Echinacea វាគឺជារុក្ខជាតិឱសថមួយ ដែលអាចជួយបង្កើនភាពស៊ាំក្នុងរាងកាយ។ ការស្រាវជ្រាវបានរកឃើញថា ផ្កា Echinacea មានសមត្ថភាពទប់ស្កាត់បាក់តេរី ផ្សិត និងការឆ្លងមេរោគ។ លើសពីនេះទៀតវាជួយជម្រុញមុខងារប្រព័ន្ធភាពស៊ាំពីធម្មជាតិនៅក្នុងរាងកាយ ដូចជាកោសិកា Macrophage និង Natural Killer Cell (NK Cells)។ នៅពេលដែលមេរោគ ឬអ្វីចម្លែកចូលក្នុងខ្លួនយើង កោសិកា Macrophage នៅក្នុងឈាមស នឹងក្លាយជាខ្សែការពារទីមួយក្នុងការបំផ្លាញមេរោគ ខណៈ NK Cell ធ្វើឱ្យប្រព័ន្ធភាពស៊ាំកំចាត់មេរោគបានលឿនជាងធម្មតា៕

អត្ថបទ៖ លីដា
ប្រភព៖ sanook

Share This Post: