អន្តរជាតិ

អូស្ត្រាលីនឹងបញ្ចប់លក្ខខណ្ឌនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺកូវីដ១៩ ចាប់បីពាក់កណ្ដាលខែតុលា

BY
autoadmin
September 30, 2022

ប្រទេសអូស្ត្រាលីបាននិយាយថា ខ្លួននឹងបញ្ចប់លក្ខខណ្ឌតម្រូវឱ្យនៅដាច់ដោយឡែករយៈពេល ៧ថ្ងៃ សម្រាប់អ្នកជំងឺ COVID-19 ចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ខែក្រោយនេះតទៅ។ នាយករដ្ឋមន្ត្រីលោក Anthony Albanese បាននិយាយនៅថ្ងៃសុក្រនេះថា លោកចង់ទទួលបានភាពស៊ីសង្វាក់គ្នា ជាមួយនឹងលទ្ធផលជាក់ស្ដែង និងផ្តល់ឱ្យប្រជាជននូវភាពប្រាកដប្រជាកាន់តែច្រើន ហើយគ្មានការភ័ន្តច្រឡំ។ យ៉ាងណាក៏ដោយ បុគ្គលិកនៅក្នុងផ្នែកថែទាំសុខភាព និងអ្នកមានហានិភ័យខ្ពស់ផ្សេងទៀត នឹងនៅតែត្រូវបានទាមទារឱ្យនៅដាច់ដោយឡែកពីគេដដែល។

ជម្រាបដែរថា អូស្ត្រាលី​បន្ត​កត់ត្រា​ករណី​ជំងឺ COVID-19 ប្រហែល ៥,០០០ ករណី​ក្នុង​មួយថ្ងៃ។ ការ​ដាក់​ឱ្យ​នៅ​ឯកោ​ជា​កាតព្វកិច្ច គឺ​ជា​ការ​រឹត​បន្តឹង​ជំងឺ COVID-19 ដែល​នៅ​សេសសល់​ចុង​ក្រោយ​បង្អស់​ក្នុង​ប្រទេសនេះ ខណៈការពាក់ម៉ាសនៅតែជាកាតព្វកិច្ចនៅក្នុងមន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀត។ លោក Albanese ក៏បាននិយាយផងដែរថា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កន្លែងធ្វើការដែលមានហានិភ័យខ្ពស់នឹងបន្ត។ ជាក់ស្តែង រដ្ឋាភិបាលអូស្ត្រាលីសង្ឃឹមថា នឹងធ្វើឱ្យសេដ្ឋកិច្ចមានងើបឡើង ដោយការស្តារមកវិញនូវរបៀបរស់នៅមុនការរាតត្បាត៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: