អន្តរជាតិ

ភ្នំភ្លើង Mauna Loa ដ៏ធំបំផុតរបស់ពិភពលោក បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ៤០ ឆ្នាំចុងក្រោយនេះ

BY
autoadmin
November 30, 2022

ភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ពិភពលោក Mauna Loa នៅឯរដ្ឋហាវ៉ៃ របស់សហរដ្ឋអាមេរិក បានផ្ទុះឡើងជាលើកដំបូងក្នុងរយៈពេលជិត ៤០ឆ្នាំ ចាប់តាំងពីការផ្ទុះចុងក្រោយនៅក្នុងឆ្នាំ១៩៨៤។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានប្រកាសថា ការផ្ទុះបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ហើយខ្លួនកំពុងព្រមានអ្នកស្រុកប្រហែល ២០០,០០០ នាក់ របស់កោះហាវ៉ៃថា ដំណាក់កាលដំបូងនៃការផ្ទុះតំបន់ក្រហូងរបស់ភ្នំភ្លើង Mauna Loa អាចមានថាមពលខ្លាំង ហើយទីតាំង និងការឈានទៅមុខនៃលំហូរកម្អែរបស់វា អាចផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ទីតាំងនៃការផ្ទុះនេះគឺនៅឆ្ងាយពីតំបន់លំនៅដ្ឋាន ប៉ុន្តែអាជ្ញាធរក្នុងតំបន់កាលពីថ្ងៃចន្ទ បានជំរុញឱ្យប្រជាជនត្រៀមខ្លួនរួចជាស្រេច ដើម្បីជម្លៀសចេញ ប្រសិនបើកម្អែភ្នំភ្លើងហូរមកផ្លូវរបស់ពួកគេ។ អ្នកស្រុកម្នាក់ ដែលធ្លាប់បានឃើញភ្នំភ្លើង Mauna Loa ផ្ទុះ ៣ដង បាននិយាយថា ប្រជាជនមានការព្រួយបារម្ភ ព្រោះពួកគេមិនដឹងថាកម្អែភ្នំភ្លើងនឹងហូរទៅទីណា ឬនៅពេលណាដែលការផ្ទុះនឹងឈប់។ អាជ្ញាធរក្នុងតំបន់បាននិយាយនៅលើគេហទំព័ររបស់ពួកគេថា អាកាសយានដ្ឋានទាំង ២ របស់កោះនេះដំណើរការជាធម្មតា ប៉ុន្តែជំរុញឱ្យអ្នកដំណើរពិនិត្យមើលជាមួយក្រុមហ៊ុនអាកាសចរណ៍ សម្រាប់ព័ត៌មានជើងហោះហើរចុងក្រោយបំផុត៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: