អន្តរជាតិ

សហរដ្ឋអាមេរិកយល់ព្រមលក់ប្រព័ន្ធប្រឆាំងដ្រូន ក្នុងតម្លៃ ១ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតាក្នុងកំឡុងការប្រកួត World Cup 2022

BY
autoadmin
November 30, 2022

រដ្ឋបាលលោក ចូ បៃដិន កាលពីថ្ងៃអង្គារបានអនុម័តការលក់សព្វាវុធតម្លៃ ១ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតា នៅក្នុងកំឡុងពេលពាក់កណ្តាលនៃការប្រកួត World Cup 2022 ដ៏សំខាន់នៅទីក្រុង Doha រវាងជម្រើសជាតិអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួនបានចុះហត្ថលេខាលើការទិញប្រព័ន្ធប្រឆាំងដ្រូនចំនួន ១០, ឧបករណ៍ស្ទាក់ចាប់ចំនួន ២០០ និងឧបករណ៍ពាក់ព័ន្ធដទៃទៀតទៅឱ្យភាគីកាតា។ ជម្រាបដែរថា ប្រទេសកាតា រួមជាមួយនឹងរដ្ឋអារ៉ាប់ផ្សេងទៀតនៅក្នុងតំបន់ឈូងសមុទ្រពែក្ស បានប្រឈមមុខនឹងការគំរាមកំហែងយ៉ាងខ្លាំងពីភ្នាក់ងារគាំទ្រដោយអ៊ីរ៉ង់។

នាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់នេះនឹងគាំទ្រដល់គោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយជួយកែលម្អសន្តិសុខរបស់ប្រទេសជាមិត្ត ដែលបន្តជាកម្លាំងដ៏សំខាន់សម្រាប់ស្ថិរភាពនយោបាយ និងវឌ្ឍនភាពសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា។ កិច្ចព្រមព្រៀងនេះនឹងកែលម្អសមត្ថភាពរបស់ប្រទេសកាតាក្នុងការប្រឈមមុខនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយផ្តល់នូវសមត្ថភាពនានា ប្រឆាំងនឹងប្រព័ន្ធយន្តហោះគ្មានមនុស្សបើក។ វាក៏នឹងតម្រូវឱ្យមានការចាត់តាំងមន្ត្រីរដ្ឋាភិបាលអាមេរិកបន្ថែមចំនួន ៥ នាក់ និងអ្នកតំណាងផ្នែកផ្គត់ផ្គង់របស់អាមេរិកចំនួន ១៥ នាក់ទៅកាន់ប្រទេសកាតា សម្រាប់រយៈពេល ៥ ឆ្នាំ ដើម្បីគាំទ្រដល់សកម្មភាពការងារ ការបណ្តុះបណ្តាល និងការថែទាំ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: