អន្តរជាតិ

Airbus កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​ដើរ​ដោយថាមពល​អ៊ីដ្រូសែន សម្រាប់យន្តហោះជំនាន់ក្រោយរបស់ខ្លួន

BY
autoadmin
December 1, 2022

ក្រុមហ៊ុន Airbus បាន​បង្ហើប​ថា ខ្លួន​កំពុង​អភិវឌ្ឍ​ម៉ាស៊ីន​កោសិកា​ឥន្ធនៈ​ដើរ​ដោយ​អ៊ីដ្រូសែន ដែលវាត្រូវបានចាត់ទុកថា ជាដំណោះស្រាយដ៏មានសក្តានុពលមួយ ដើម្បីអាចមានយន្តហោះគ្មានការបំពុលបរិយាកាស ហើយអាចចូលបម្រើសេវាកម្មនៅឆ្នាំ ២០៣៥។ ក្រុមហ៊ុន Airbus នឹងចាប់ផ្តើមដាក់ចេញ និងហោះហើរសាកល្បងម៉ាស៊ីនកោសិកាឥន្ធនៈនេះ នៅលើយន្តហោះ ZEROe demonstrator របស់ខ្លួន នៅអំឡុងឆ្នាំ២០២៧-២០២៨ ខាងមុខនេះ។ គួរជម្រាបដែរថាយន្តហោះប្រព័ន្ធអ៊ីដ្រូសែន A380 MSN1 ថ្មីរបស់ក្រុមហ៊ុន Airbus បច្ចុប្បន្ននេះ កំពុងត្រូវបានកែតម្រូវទៅលើបញ្ហាផ្ទុកធុងអ៊ីដ្រូសែន និងប្រព័ន្ធចែកចាយដែលពាក់ព័ន្ធផ្សេងទៀត។

យន្តហោះដើរដោយប្រព័ន្ធអ៊ីដ្រូសែននេះ ត្រូវបានគេរំពឹងថា អាចហោះហើរបានចម្ងាយប្រមាណ ១,០០០ ម៉ាយ និងផ្ទុកអ្នកដំណើរបានចំនួន ១០០ នាក់ ខណៈវាក៏នឹងជួយឱ្យក្រុមហ៊ុន Airbus សម្រេចគោលដៅគ្មានការបំភាយឧស្ម័ន zero-emission។ Airbus កំណត់បច្ចេកវិទ្យាអ៊ីដ្រូសែន ជាជម្រើសដ៏ជោគជ័យបំផុតមួយ ព្រោះយន្តហោះនឹងមិនបញ្ចេញកាបូនឌីអុកស៊ីត នៅពេលដែលវាត្រូវទាញយកថាមពលកកើតឡើងវិញ ខណៈទឹកគឺជាចំណុចដ៏សំខាន់បំផុតរបស់វា។

មានវិធី ២ យ៉ាងដែលអ៊ីដ្រូសែនអាចត្រូវបានប្រើជាប្រភពថាមពលសម្រាប់ការជំរុញយន្តហោះ។ ទី១ តាមរយៈការចំហេះអ៊ីដ្រូសែននៅក្នុងទួរប៊ីនហ្គាស ហើយទី២ ដោយប្រើកោសិកាឥន្ធនៈបំប្លែងអ៊ីដ្រូសែនទៅជាថាមពលអគ្គិសនី ដើម្បីផ្តល់ថាមពលដល់ម៉ាស៊ីនស្លាប។ ទួរប៊ីនអ៊ីដ្រូសែនក៏អាចត្រូវបានផ្សំជាមួយកោសិកាឥន្ធនៈជំនួសឱ្យថ្ម នៅក្នុងម៉ាស៊ីនកូនកាត់របស់វាផងដែរ។ លើសពីនេះ ម៉ាស៊ីនដែលដំណើរការដោយកោសិកាឥន្ធនៈអ៊ីដ្រូសែន បង្កើតការបំភាយឧស្ម័នសូន្យ NOx ឬគ្មានផ្សែង ដែលផ្តល់នូវអត្ថប្រយោជន៍បន្ថែមដល់ការបញ្ឈប់ការបញ្ចេញកាបូន៕

អត្ថបទ៖ លីដា
ប្រភព៖ Airbus

Share This Post: