អន្តរជាតិ

ម៉ាឡេស៊ីនឹងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដោយគ្រាន់តែស្កេន QR Code មួយភ្លែតប៉ុណ្ណោះ

BY
Pheakdey
April 24, 2024

ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែននៅច្រកព្រំដែនដ៏ទំនើបមួយ ពោលគឺគ្រាន់តែស្កេន QR Code តែមួយភ្លែតប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះ។ តាមគម្រោងគឺប្រព័ន្ធត្រួតពិនិត្យដ៏ទំនើបនេះនឹងត្រូវដាក់ឱ្យដំណើរការនៅដើមខែមិថុនាខាងមុខនេះ និងអនុវត្តចំពោះក្រុមកម្មកររោងចក្រម៉ាឡេស៊ីដែលត្រូវឆ្លងដែនទៅធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។

បើតាមនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានរថយន្តក្រុងសម្រាប់ដឹកក្រុមកម្មកររោងចក្រចន្លោះពី ៤០០-៥០០គ្រឿង ដែលត្រូវបើកឆ្លងកាត់ច្រកព្រំដែនពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរីជារៀងរាល់ថ្ងៃ ខណៈការត្រួតពិនិត្យលិខិតឆ្លងដែនរបស់ក្រុមកម្មកររោចក្រម្នាក់ៗក៏ត្រូវការពេលវេលាយ៉ាងយូរផងដែរ។ យ៉ាងណាក្តី ក្រោយការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដោយគ្រាន់តែស្កេន QR Code នេះគឺគេនឹងចំណេញពេលវេលាបានច្រើន ដ្បិតការស្កេន QR Code ត្រូវការពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយក្នុងការស្កេន QR Code ម្តងទៀតសោធក៏គេអាចធ្វើការស្កេនជាក្រុមដែលមានសមាជិកជាច្រើននាក់ផងដែរ។ ដើម្បីប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះបាន គេត្រូវទាញយកកម្មវិធីក្នុងទូរស័ព្ទមកប្រើប្រាស់និងចុះឈ្មោះតាមរយៈការស្កេន QR Code ដើម្បីប្រើប្រាស់ទិន្នន័យនៅលើលិខិតឆ្លងដែនជាមុនសិន ទើបគេអាចធ្វើការស្កេនបញ្ជាក់នៅចក្រព្រំដែនបាន៕ 

អត្ថប​ទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: